ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅកូរ៉េ អាចប្រើសេវាផ្តល់ធ្វើលិខិតឆ្លងដែន នៅកូរ៉េ ដោយពុំចាំបាច់ត្រឡប់មកធ្វើនៅកម្ពុជា

34

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី 11 ខែមករាឆ្នាំ 2024 នេះបានថ្លៃងសារនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ អាចប្រើសេវាផ្តល់ធ្វើលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េ ដោយពុំចាំបាច់ត្រឡប់មកធ្វើនៅកម្ពុជាឡើយ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។

ក្រសួងមហាផ្ទៃ នៅថ្ងៃទី ៥ ខែមករាឆ្នាំ ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។

អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។ ព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវា មានដូចខាងក្រោម៖

១. ទីតាំងផ្តល់សេវា៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមាន អាសយដ្ឋាន – 55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041

២. ពេលវេលានៃការផ្តល់សេវា៖ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ – ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០ – ១៧:០០

៣. បែបបទនៃការផ្តល់៖

ក. ករណីពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវមានឯកសារដូចខាងក្រោម៖ លិខិតឆ្លងដែនច្បាប់ដើម (ដែលផុតឬជិតផុតសុពលភាព) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងទៀត ដែលបញ្ជាក់អំពីសញ្ជាតិខ្មែរ និង សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅដែលចេញដោយស្ថានទូត
នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស។

ខ. ករណីទារក ឬកុមារដែលមានអាយុក្រោម១៥ឆ្នាំ ត្រូវមានឯកសារដូចចំណុច (ក) ខាងលើ ដោយភ្ជាប់បន្ថែមនូវឯកសារដូចខាងក្រោម៖
លិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុក ឬម្តាយ ឬអាណាព្យាបាល និងសំបុត្រពេទ្យ (ករណីកើតនៅក្រៅប្រទេស)។

៤. រយៈពេលផ្តល់៖ លិខិតឆ្លងដែននឹងត្រូវផ្តល់ជូនក្នុងរយៈពេល៤-៥សប្ដាហ៍ គិតចាប់ពីថ្ងៃស្នើសុំ។

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូងបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ តទៅ។

យោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជា ស្ដីពីសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលបានចេញផ្សាយកាលពីថ្ងៃទី ៩ ខែមករា លើកឡើងថា ការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវាដល់ប្រជាពលរដ្ឋ និងពលករកម្ពុជានៅកូរ៉េខាងត្បូង មានដូចជា ទីតាំងផ្តល់សេវា,ពេលវេលានៃការផ្តល់សេវាក៏ដូចជាឯកសារចាំបាច់ដែលត្រូវការសម្រាប់ការធ្វើលិខិតឆ្លងដែនជាដើម។

លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ៩ ខែមករាថា ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរនៅកូរ៉េអាចធ្វើលិខិតឆ្លងដែនធម្មតាពីប្រទេសកូរ៉េនេះគឺទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ព្រោះថា នេះជាការគិតគូរហ្មត់ចត់ពីសំណាក់ប្រមុខរដ្ឋាភិបាលចំពោះបងប្អូននៅក្រៅប្រទេស។

កន្លងមកប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងជួបការលំបាកក្នុងការត្រឡប់មកកម្ពុជាវិញ ដើម្បីធ្វើលិខិតឆ្លងដែនថ្មី ឬក៏បន្តសុពលភាពលិខិតឆ្លងដែន ដែលត្រូវចំណាយពេលវេលានិងលុយកាក់ច្រើន។

លោកស្រីបញ្ជាក់ថា៖ «តាមការប្រកាសរបស់សម្តេចមហាបវរធិបតីដែលសម្តេចបានប្រកាសកាលពីដើមខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅបានធ្វើឱ្យពលរដ្ឋយើងមានការសាទរយ៉ាងខ្លាំងហើយស្ថានទូតតែងតែទទួលបានសំណួរជាញឹកញយពីបងប្អូនយើងថា ពេលណាអាចធ្វើបាន។ ឥឡូវនេះ យើងបានដាក់ឱ្យដំណើរការហើយ បងប្អូនពលរដ្ឋពិតជារីករាយខ្លាំង។ កន្លងទៅបងប្អូនយើងគាត់ត្រូវចំណាយច្រើនទាំងលុយកាក់ និងពេលវេលាទៅលើការធ្វើដំណើរ ហូបចុកស្នាក់នៅ និងខាតពេលវេលាធ្វើការទៀតផង»។

បើតាមលោកស្រី ជ្រឹង បុទុមរង្សី បណ្តាក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងការបរទេស ក្រសួងការងារ រួមនឹងស្ថាប័នពាក់ព័ន្ធដទៃទៀត បានធ្វើការយ៉ាងមមាញឹក ដើម្បីរៀបចំនីតិវិធី លក្ខន្តិកៈ និងក្រុមការងារ ដែលមានការជ្រោមជ្រែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានរយៈពេលតែ ៣ ខែដើម្បីការងារនេះ ចាប់តាំងពីខែកញ្ញាមក។

លោកស្រីបានប្រាប់ទៀតថា៖ «នៅថ្ងៃទី ៤ ខែមករា កន្លងទៅ ក្រុមការងារក្រសួងមហាផ្ទៃ បានមកដល់សាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំធ្វើលិខិតឆ្លងដែន ជូនបងប្អូនប្រជាពលរដ្ឋយើង។ តាំងពីក្រុមការងារគាត់មកដល់ គឺគាត់មមាញឹកខ្លាំងណាស់ ដើម្បីដំឡើងប្រព័ន្ធបច្ចេកទេស ដោយធ្វើយ៉ាងណាផ្តល់សេវាដល់បងប្អូនយើងឱ្យបានល្អ និងដិតដល់»។

លោកជំទាវ ជ្រឹង បទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចេញវីដេអូថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអនុញ្ញាតឲ្យចាប់ផ្តើមសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនពលរដ្ឋ និងពលករកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង