ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក

29

 

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។

បើតាមសេចក្តីប្រកាសជូនដំណឹង, យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល០៦(ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដូចខាងក្រោម៖ អណ្តាត នៃសត្វគោក្របី បង្កក ថ្លើម នៃសត្វគោក្របី បង្កក គ្រឿងក្នុង (Offal) បង្កកផ្សេងទៀត នៃសត្វគោក្របី ដែលអាចបរិភោគ បាន ក្រៅពីអណ្តាត និងថ្លើមថ្លើមនៃសត្វជ្រូក បង្កក ភាគបំណែកសាច់និងគ្រឿងក្នុង (Offal) ផ្សេងទៀត ក្រៅពីថ្លើម នៃសត្វ ជ្រូក ដែលអាចបរិភោគបាន បង្កកថ្លើមនៃសត្វមាន់ បង្កក សាច់និងគ្រឿងក្នុង (Offal) បង្កកផ្សេងទៀត នៃសត្វមាន់ ដែលអាច បរិភោគបាន ក្រៅពីស្លាប ទាំងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយក ពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជាផ្នែក នៃសត្វ (លើកលែងតី) ស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច។

វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ននេះនឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូត ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញ ឡើយ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល ដែលកំពុងប្រកបអាជីវកម្មលើមុខទំនិញខាងលើ ព្រមទាំងភាគីពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន។
ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា សាធារណជន ក្រុមហ៊ុននាំចេញ-នាំចូល និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការអនុវត្តវិធានការនេះ ដោយស្មារតី ទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង