ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន”

83

 

សៀមរាប ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន”។ ពិធីបើកជាផ្លូវការ “ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” នឹងប្រារព្ធឡើងនាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅព្រះលានជល់ដំរី ខេត្តសៀមរាប។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីបើក “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប ។

ក្រសួងទេសចរណ៍ បានជូនដំណឹងឱ្យថា តាមរយៈគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស័របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹង ទំនាក់ទំនងនៃចំណងមិត្តភាពត្បូងពេជ្រ។

ពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
ពិធីបើកនេះនឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ដោយមាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកំនាំ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន ភ្ញៀវទេសចរ កម្ពុជា-ចិន សរុបជាង ១,០០០នាក់។
ព្រឹត្តិការណ៍នេះនឹងមានការផ្សាយផ្ទាល់ពិសេសដោយទូរទស្សន៍ជាតិកម្ពុជា ដោយមានការផ្សាយបន្តផ្ទាល់ នៅលើបណ្ដាញទូរទស្សន៍ទាំងអស់ នៅកម្ពុជា ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានានៃប្រទេសចិន។

ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន និងភាគីពាក់ព័ន្ធនានា មេត្តាជ្រាប និងចូលរួម ផ្សព្វផ្សាយអំពីពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ ខាងលើឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅ “កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” កាន់តែច្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង