ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក”

37

 

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង នៅថ្ងៃ១៨ -១៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញពីសំណាក់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង។

ចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីសវិញ តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ក្លាស ភ្ជាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូសប្រទេសស្វីស

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ , តបតាមការអញ្ជើញរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណ រដ្ឋបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤។ ប្រទេសបារាំងគឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលសម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នាខែសីហា ឆ្នាំ២០២៣។
អញ្ជើញអមដំណើរ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីមួយចំនួន និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភា ពាណិជ្ជកម្មកម្ពុជា។
សម្ដេចធិបតី នឹងត្រូវទទួលស្វាគមន៍ និងមានកិច្ចសន្ទនាផ្លូវការជាមួយឯកឧត្តម ប្រធានាធិបតី ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជំនួបកំពូលនេះ ផ្ដល់ឱកាសដ៏ប្រសើរសម្រាប់រដ្ឋាភិបាល នៃប្រទេសទាំងពីរបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាព
ដ៏ស្និទ្ធស្នាល និងល្អប្រសើរឱ្យឈានដល់កម្រិតថ្មី ដាក់ចេញនូវផែនការសកម្មភាពដើម្បីពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងរក្សាសណ្ដាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ ឯកសារកិច្ចសហប្រតិបត្តិការមួយចំនួននឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្ដេចធិបតី នឹងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Gérard ARCHER ប្រធានព្រឹទ្ធសភា និងលោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏នឹងអនុញ្ញាតជូនលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វង់កូហ្វូនី និងលោក Geoffroy ROUX DE BEZIEUX ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផងដែរ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងកម្ពុជា និងបារាំង ឱ្យកាន់តែរឹងមាំ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងចូលរួមវេទិកាធុរកិច្ច មានជំនួបដាច់ដោយឡែកជាមួយ ក្រុមហ៊ុនបារាំងមួយចំនួន និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ ចំនួន រួមទាំងឯកសារស្តីពី ការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងសម្ព័ន្ធភាពដៃគូហ្វ្រង់កូហ្វូនី(APE) ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង