ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព

63

 

បារាំង៖ បន្ទាប់ពីចំណាយពេលធ្វើដំណើររយៈពេលប្រមាណជា១៧ម៉ោង តាមជើងហោះហើរពិសេសរបស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅវេលាម៉ោង២៖៤០ទៀបភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងវេលាម៉ោង ម៉ោង២០៖៤០យប់ថ្ងៃទី១៣ ខែមករា ម៉ោងនៅទីក្រុងប៉ារីស។ ដំណើរអញ្ជើញដល់របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសបារាំង។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស្វីស។

ដំណើរអញ្ជើញដល់ទីក្រុងប៉ារីស ប្រទេសបារាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានកម្មវិធីមួយចំនួនដូចជាសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង និងមកពីបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប, អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលរៀបចំដោយសមាគមន៍ធុរកិច្ចបារាំង, ជួបជាមួយលោកស្រី លូអីស ម៊ូស៊ីគី វ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់បារាំង៕

អត្ថបទដែលជាប់ទាក់ទង