ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីជ្រូកងាប់នៅស្រុកកំពង់រោទ៌ ដែលសង្ស័យជំងឺប៉េស្តជ្រូក ត្រូវបានក្រុមការងារជំនាញក្រសួងកសិកម្មរចុះពិនិត្យ និងបាញ់ថ្នាំសម្លាប់មេរោគ ហើយយកសំណាកមកធ្វើវិភាគ

22

 

ស្វាយរៀង៖ ក្រោយមានការផ្សព្វផ្សាយអំពីជ្រូកងាប់ជាច្រើនក្បាល នៅស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង នៅពេលនេះ អគ្គនាយកដ្ឋានសុខភាពសត្វ ក្រសួងកសិកម្ម បានទៅដល់ទីតាំងកើតហេតុហើយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានបាញ់ថ្នាំសម្លាប់មេរោគ និងយកសំណាក់មកធ្វើវិភាគ។ នេះបើតាមការបញ្ជាក់របស់ កញ្ញា អ៉ឹម រចនា ជាអ្នកនាំពាក្យក្រសួងកសិកម្ម ដល់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែមករានេះ។

មានករណីផ្ទុះជំងឺប៉េស្តជ្រូកងាប់ជាបន្តបន្ទាប់ នៅស្រុកកំពង់រោទ៌ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយមានសេចក្តីរាយការណ៍ថា ម្ចាស់អ្នកចិញ្ចឹមជ្រូក មិនព្រមយកទៅកប់ ឬដុតចោលនោះទេ គឺពួកគាត់បែរជាកាប់ប្រលះសាច់លក់ នៅតាមភូមិបណ្តាលឲ្យជ្រូកអ្នកភូមិផ្សេងទៀត ឆ្លងងាប់ជាបន្តបន្ទាប់ដែរ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៌។

ពាក់ព័ន្ធនឹងករណីជ្រូកងាប់ជាច្រើនក្បាលជាបន្តបន្ទាប់នេះ កញ្ញា អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ករណីជ្រូកងាប់ខាងលើ​នេះ មិនអាចអាចសន្និដ្ឋានជាក់លាក់ថាជាជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ ដោយរង់ចាំការយកសំណាកមកវិភាគសិន។

កញ្ញា អ៉ឹម រចនា បានបញ្ជាក់ទៀតថា បើសិនយកមកវិភាគឃើញថា ពិតជាជំងឺប៉េស្តជ្រូកមែន ជ្រូកដែលឈឺទាំងអស់នោះនឹងបំផ្លាញចោល ដើម្បីកុំឱ្យមានការឆ្លងរាតត្បាតទៅកាន់តំបន់ផ្សេងៗទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង