ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ឈប់រាល់ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសដែលកំពុងធ្វើចរាចរណ៍លើផ្លូវជាតិលេខ៩ លេខ៦៤ លេខ៦២និងផ្លូវសំខាន់ៗទៀត ក្នុងខេត្តព្រះវិហារ

35

ព្រះវិហារ៖ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រោងនឹងរៀបចំក្រុមការងារចំរុះ ដើម្បី ចុះធ្វើការត្រួតពិនិត្យយានយន្ត ដែលល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាយានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដោយនឹងធ្វើការផាកពិន័យអន្តរការណ៍តាមច្បាប់។

  តាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា៖ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណៈជន ម្ចាស់អាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ្នកប្រើប្រាស់ផ្លូវថ្នល់ អ្នកបើកបរយានយន្ត គ្រប់ប្រភេទ ជាពិសេសម្ចាស់យានយន្តធុនធ្ងន់ អោយបានជ្រាបថាៈ បច្ចុប្បន្នមានយានយន្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមួយចំនួនដូចជា៖ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស (តទ្រុងខាងលើ តរាន ក្រោយរថយ័ន្ត) យានយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេស តភ្លើងបំភ្លឺខុសលក្ខណៈបច្ចេកទេស ដឹកសំពីង សំពោង និងប្រើប្រាស់ឯកសារក្លែងក្លាយ ខ្វះឯកសារផ្សេងៗ បាននឹងកំពុងធ្វើចរាចរណ៍ នៅលើកំណាត់ផ្លូវ ជាតិលេខ៩ ផ្លូវជាតិលេខ៦២ផ្លូវជាតិលេខ៦៤ និងផ្លូវសំខាន់ៗទៀតក្នុងខេត្តព្រះវិហារ អំពើល្មើសច្បាប់ ខាងលើ ក៏ជាកត្តាដែលអាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ បណ្ដាលអោយ មានអ្នករបួសធ្ងន់ របួសស្រាល និងស្លាប់ផងដែរ។

ទន្ទឹមនឹងនេះ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រោងនឹងរៀបចំក្រុមការងារចំរុះ ដើម្បី ចុះធ្វើការត្រួតពិនិត្យយានយន្ត ដែលល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាយានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេសក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដោយធ្វើការផាកពិន័យអន្តរការណ៍តាមច្បាប់កំណត់ ដែលមានចែងក្នុងអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យ លេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនាឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅពេលឆាប់ៗខាងមុខនេះនិងធ្វើកិច្ចសន្យាអោយបញ្ឈប់រាល់យានយន្ត ល្មើសច្បាប់ទាំងអស់នោះ ដើម្បីជាការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយចុះមកនៅ កម្រិតទាប ក៏ដូចជាការថែរក្សាទ្រព្យសម្បត្តិ និងអាយុជីវិតផងដែរ។

  ជាថ្មីម្ដងទៀត លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ សូមក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនដឹកជញ្ជូនទំនិញ អ្នកប្រើប្រាស់ផ្លូវថ្នល់ អ្នកបើកបរយានយន្ត គ្រប់ប្រភេទ ជាពិសេសអ្នកបើកបរយានយន្តធុនធ្ងន់ ត្រូវចូលរួមសហការំគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ស្របតាមសេចក្តីជូនដំណឹងអោយមានប្រសិទ្ធភាពខ្ពស់ ចាប់ពីពេលនេះតទៅ៕

 

អត្ថបទដែលជាប់ទាក់ទង