ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះនៅរោងចក្រយីដា បណ្តាលឲ្យកម្មការិនី១នាក់ បានស្លាប់

69

 

កណ្តាល ៖ នៅថ្ងៃព្រហស្បតិ៍ទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៦:៤០នាទីព្រឹក មានករណីអគ្គិភ័យឆេះនៅរោងចក្រយីដា(មេនូហ្វេកធីរើ ខូ អិលធីឌី)Yi Da Manufacturer Co;Ltd អារគារ១ខ្នង (ឡបោកគក់) ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យកម្មការិនី១នាក់បានស្លាប់។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងករណីអគ្គិភ័យនេះបណ្តាលឲ្យខូចខាតអគារ១កន្លែង និងសម្ភារៈនៅខាងក្នុងអគារជាច្រើន និងមានកម្មការិនី១នាក់បានស្លាប់ ឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នកដែលជួយពន្លត់ចំនួន៤នាក់ទៀត មានបញ្ហាថប់ដង្ហើមត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ មានដូចខាងក្រោម៖ ១-ឈ្មោះ សោម ប៊ុនថាត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ , ២-ឈ្មោះ សួន ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ , ៣-ឈ្មោះ សៀង វុធ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ,
៤-ឈ្មោះ សាំង រិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិឈើទាល ឃុំឈើទាល ស្រកកៀនស្វាយ ។ អគ្គិភ័យខាងលើនេះ ត្រូវបានពន្លត់១០០%នៅម៉ោង ៩និង៥០នាទីព្រឹក ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំបញ្ជាដោយផ្ទាល់ ដោយមានការចូលរួមពីសហការី រួមទាំងបងប្អូនកម្មកររោងចក្រ ប្រជាការពារ និងអាជ្ញាធរពាក់ព័ន្ធបានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើការពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ៖ រថយន្តស្នងការខេត្ត០២គ្រឿង , រថយន្តអធិការដ្ឋានស្រុក០១គ្រឿង, រថយន្តក្រសួងមហាផ្ទៃ០២គ្រឿង,​ រថយន្តបុរីប៉េងហួត០២គ្រឿង, រថយន្តកោះនរា០២គ្រឿង, រថយន្តបញ្ជាការដ្ផានអង្គរក្ស០២គ្រឿង,​ រថយន្តរដ្ឋបាលខណ្ឌច្បារអំពៅ០១គ្រឿង, រថយន្តស្រាបៀរ ម៉ាឌ្រីត០១គ្រឿង, រថយន្តអង្គភាពពន្លត់អគ្គិភ័យ711 ចំនួន០២គ្រឿង , រថយន្តសង្គ្រោះមានចំនួន១០គ្រឿង, រថយន្តពេទ្យស្នងការដ្ឋាននគរបាលខេត្ត០១គ្រឿង, រថយន្តមណ្ឌលសុខភាពឃុំឈើទាល០១គ្រឿង, រថយន្តមណ្ឌលសុខភាពសង្កាត់សិត្បូ០១គ្រឿង, រថយន្តមន្ទីពេទ្យបង្អែកខេត្ត០១គ្រឿង,​ រថយន្តមន្ទីពេទ្យបង្អែកស្រុក០១គ្រឿង, រថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកស្អាង០១គ្រឿង, រថយន្តពេទ្យឃុំសំរោងធំ០១គ្រឿង, រថយន្តពេទ្យឃុំគគីរធំ០១គ្រឿង, រថយន្តពេទ្យឃុំគគីរ០១គ្រឿង, រថយន្តពេទ្យឃុំបន្ទាយដែក០១គ្រឿង។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចុះដឹកនាំបញ្ជាក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យ និងសង្គ្រោះកម្មករ ដែលនៅក្នុងគ្រោះថ្នាក់នេះដោយមានការសហការពីនាយកដ្ឋានពន្លត់អគ្គិភ័យ បញ្ជាការដ្ឋានអង្គរក្ស រាជធានីភ្នំពេញ បុរីប៉េងហួត និងរថយន្តពន្លត់អគ្គិភ័យដែលមាននៅតាមរោងចក្រក្បែរទីតាំងកើតហេតុ។
បច្ចុប្បន្នអគ្គិភ័យត្រូវបានគ្រប់គ្រងបាន១០០% ហើយកម្លាំងយើង និងក្រុមគ្រូពេទ្យកំពុងតែពន្លត់និងសង្គ្រោះបន្ត។

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ចំពោះឧបទ្ទវហេតុអគ្គិភ័យក្នុងរោងចក្រ YIDA MANUFACTURERS CO.,LTD។
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សូមចូលរួម សោកស្តាយចំពោះឧបទ្ទវហេតុអគ្គិភ័យដែលបានឆាបឆេះក្នុងរោងចក្រ YID MANUFACTURERS CO., LTD ដែលត្រូវបានគេស្គាល់ថាជារោងចក្រមានស្តង់ដារសុខភាព និងសុវត្ថិភាពការងារខ្ពស់ ហើយពាក់ព័ន្ធនឹងសុវត្ថិភាព អគ្គិភ័យ រោងចក្រក៏បានបំពាក់នូវឧបករណ៍ចាំបាច់ និងបានរៀបចំនូវច្រកទ្វារអាសន្នបានគ្រប់គ្រាន់ ព្រមទាំងបានធ្វើការ ហ្វឹកហាត់ពន្លត់ និងជម្លៀសអគ្គិភ័យជាប្រចាំ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ទាំង៤លើកចុងក្រោយរបស់ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការអន្តរជាតិខាងការងារ ILO-BFC។
សមាគមក៏សូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសាច់ញាតិនៃសពកម្មការនី ឈ្មោះ សុខ ឆវី មានតួនាទីជាប្រធានផ្នែក ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដ៏សោកសៅនេះ។ យ៉ាងណាមិញ ដោយអនុលោមតាមច្បាប់ស្តីរបបសន្តិសុខសង្គម ប្រាក់វិភាជន៍បូជាសព ១០លានរៀល ត្រូវបានប្រគល់ជូនភ្លាមៗ និង កញ្ចប់អត្ថប្រយោជន៍ផ្សេងទៀតនឹងត្រូវប្រគល់ជូនអ្នកក្នុងបន្ទុកដែលមានសិទ្ធិទទួលផលប្រយោជន៍ ជាបន្តបន្ទាប់ដោយបេឡាជាតិសន្តិសុខសង្គម។
ឆ្លៀតក្នុងឱកាសនេះដែរ សមាគមសូមក្រើនរំលឹកដល់បណ្តារោងចក្រដែលជាសមាជិក សូមមេត្តាបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បន្ថែមទៀត លើផ្នែកសុវត្ថិភាពឧស្សាហកម្ម ដើម្បីបញ្ចៀសបាននូវឧបទ្ទវហេតុផ្សេងៗ ដែលអាចនឹងកើតឡើងគ្រប់ពេលវេលា។

អត្ថបទដែលជាប់ទាក់ទង