ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិថៃម្នាក់ រិះគន់ប្រមាថព្រះមហាក្សត្រ ត្រូវតុលាការ បានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥០ឆ្នាំ

79

 

បាងកក៖ អ្នកច្បាប់មួយក្រុមនិយាយថា បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៥០ឆ្នាំ ពីបទរិះគន់រាជានិយម ដែលជាករណីជាប់ឃុំក្នុងរយៈពេលយូរបំផុតមិនធ្លាប់មាន ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងនៃព្រះរាជាណាចក្រមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤។

សាលាឧទ្ធរណ៍នៅភាគខាងជើងនៃខេត្តឈៀងរ៉ៃ បានកាត់ទោសអតីតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ លោក Mongkol Thirakot អាយុ ៣០ឆ្នាំឲ្យជាប់ពន្ធនាគារ ៥០ឆ្នាំ ជុំវិញការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។ ដំបូងឡើយ លោក Mongkol ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ២៨ឆ្នាំប៉ុណ្ណោះដោយតុលាការព្រហ្មទណ្ឌកម្រិតទាប ប៉ុន្តែក្រោយរកឃើញថាមានកំហុសចំនួន ១១បន្ថែមទៀត អំឡុងពេលប្តឹងឧទ្ធរណ៍ទើបនាំឲ្យមានការកាត់ទោសយូរជាងនេះ។

អង្គការ Thai Lawyers for Human Rights (TLHR) បានលើកឡើងក្នុងសេក្តីថ្លែងការណ៍មួយថា សាលាឧទ្ធរណ៍បានកាត់ទោស លោក Mongkol Thirakot ឲ្យជាប់ពន្ធនាគារ ២២ឆ្នាំ ជុំវិញសារបង្ហោះលើហ្វេសប៊ុកចំនួន ២៧ របស់លោក បន្ថែមពីលើការកាត់ទោស ២៨ ឆ្នាំដោយតុលាការព្រហ្មទណ្ឌកម្រិតទាប ដោយសរុបទៅគឺលោកត្រូវជាប់ពន្ធនាគាររយៈពេល ៥០ឆ្នាំ។

គួរបញ្ជាក់ថា បើតាមអង្គការ TLHR លោក Mongkol ដែលជាម្ចាស់ហាងលក់សំលៀកបំពាក់តាមអនឡាញ ត្រូវបានចាប់ខ្លួនលើកដំបូងក្នុងឆ្នាំ ២០២១ អំឡុងពេលតវ៉ាទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ។ នេះជាការកាត់ទោសថ្មីចុងក្រោយ ក្នុងរយៈពេលច្រើនឆ្នាំបន្ទាប់ពីថៃបង្កើនការប្រើប្រាស់ច្បាប់ដើម្បីគ្រប់គ្រង លើក្រុមដែលនិយាយថាខ្លួនជាអ្នករិះគន់ដើម្បីប្រជាធិបតេយ្យ៕

អត្ថបទដែលជាប់ទាក់ទង