ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ផ្ដាំសមាជិក ត្រូវថែទាំ សុខភាពឱ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួម ក្នុងថ្ងៃបោះឆ្នោតខាងមុខ

32

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ភូមិភាគទី៦ និងពិធីសំណេះសំណាលជា មួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជន នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ស្វាយរៀង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគទី៦ របស់គណបក្សប្រជាជនកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានស្វាយរៀង លោកប្រធាន អនុប្រធាន សមាជិក គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកា បក្សទាំងអស់។
នាឱកាសនោះ ឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មាធិការកណ្ដាល និងប្រធានគណៈកម្មាធិការគណបក្សខេត្ត បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនៈភាពរបស់គណបក្សខេត្ត បន្ទាប់មក ឯកឧត្តម រស់ ឆាយ ប្រធានគណៈចាត់តាំង បក្សខេត្តបានអានសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជាបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៦ ខេត្តស្វាយរៀង ខេត្តព្រៃវែង ព្រមទាំងផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្ត។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព និងរក្សាឲ្យបាននូវភូមិឃុំមានសុវត្ថិភាព។ ចំណែកឯអង្គបោះឆ្នោតត្រូវថែទាំ សុខភាពឲ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោត។
សូមបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិក រដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត៕. សំរិត

អត្ថបទដែលជាប់ទាក់ទង