ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច បញ្ជូនតារាចម្រៀង និងសម្តែង កែវ ពិសី ទៅតុលាការ ពាក់ព័ន្ធករណី ចេញសែកស្អុយ

167

ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានធ្វើការបញ្ជូនខ្លួនតារាចម្រៀង និងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការសាកសួរ ក្រោយចាប់ខ្លួនពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ)។

ការឃាត់ និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី គឺធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រី អាយុ៣១ឆ្នាំ ដោយបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលកំឡុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

យោងតាមរបាយការសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ កែវ ពិសី ភេទស្រី អាយុ២៧ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន ELI KP TRADING CO LTD ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិបន្លាស្អិត សង្កាត់ឃ្លួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររំលឹកថា ពាក់ពន្ធ័សំណុំរឿងរបស់តារាសម្តែងរូបនេះ គឺកញ្ញា រតនៈ ពិសី ដែលមានឈ្មោះពិតថា កែវ ពិសី កំពុងតែទទួលរងនូវព័ត៌មានសមត្ថកិច្ចធ្លាប់កោះហៅឲ្យចូលបំភ្លឺ ជុំវិញករណីចេញសែកគ្មានសាច់ប្រាក់ (សែកស្អុយ) តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

តារាចម្រៀងរូបស្រស់ រតនៈ ពិសី អះអាងថា រូបនាងក៏ចាញ់បោកគេដូចគ្នា ហើយអ្នកដែលជំពាក់ប្រាក់នាងរាប់ម៉ឺនដុល្លារ ក៏កំពុងរត់គេចខ្លួនអស់ ពោលគឺទុកឲ្យរូបនាងរ៉ាប់រងសងតែម្នាក់ឯង។

អត្ថបទដែលជាប់ទាក់ទង