ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីបានចោទប្រកាន់ទីក្រុងកៀវថា ជាអ្នកបាញ់ទម្លាក់យន្តហោះយោធាដឹកជញ្ជូន១គ្រឿងរបស់ខ្លួន ដែលដឹកឈ្លើយសឹកអ៊ុយក្រែន

69

មូស្គូ៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបានចោទប្រកាន់ទីក្រុងកៀវថា ជាអ្នកបាញ់ទម្លាក់យន្តហោះយោធាដឹកជញ្ជូន១គ្រឿងរបស់ខ្លួន ដែលដឹកឈ្លើយសឹកអ៊ុយក្រែន ដើម្បីត្រៀមសម្រាប់ការដោះដូរអ្នកទោសសង្រ្គាម ហើយបានផ្តាច់ជីវិតមនុស្សទាំងអស់ ដែលជិះលើនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤។

ទីក្រុងកៀវដំបូងឡើយបានទទួលស្គាល់ថា នឹងមានការដោះដូរឈ្លើយសឹកជាមួយរុស្ស៉ី កាលពីថ្ងៃពុធ ប៉ុន្តែប៉ុន្មានម៉ោងក្រោយហេតុការណ៍​ធ្លាក់យន្តហោះ អ៊ុយក្រែនបាននិយាយថា ខ្លួននៅមិនមានព័ត៌មានគួរឱ្យជឿទុកចិត្តបាន ស្តីពីអ្នកដំណើរនៅលើយន្តហោះនោះឡើយទេ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានការស៉ើបអង្កេតជាអន្តរជាតិ។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា យន្តហោះយោធាប្រភេទ IL-76 ដែលបានធ្លាក់ មានផ្ទុកទាហានអ៊ុយក្រែន ជាឈ្លើយសឹកចំនួន ៦៥នាក់ រួមជាមួយ បុគ្គលិកនិងអាកាសយានិកយន្តហោះសរុប៦នាក់ ព្រមទាំងឆ្មាំអមដំណើរអ្នកទោសទាំងនោះចំនួន៣នាក់។ យោងតាម​ការអះអាងរបស់ក្រសួងការពារជាតិរុស្ស៉ី គឺកងកម្លាំងអ៊ុយក្រែនឈរជើងនៅតំបន់ Kharkiv ក្បែរព្រំប្រទល់ បានបាញ់មីស៉ីល២គ្រាប់លើ​យន្តហោះយោធាដឹកជញ្ជូននោះ ហើយបានចាត់ទុកឧប្បត្តិហេតុនោះថា ជាទង្វើភេរវកម្ម។

ទីភ្នាក់ងារចារកម្មអ៊ុយក្រែន បាននិយាយថា ខ្លួនមិនទាន់មានព័ត៌មានដែលអាចជឿជាក់បាន ឬគ្រប់ជ្រុងជ្រោយនៅឡើយទេ ស្តីពីមនុស្ស​ដែលជិះនៅលើយន្តហោះរុស្ស៉ីនោះ ដូចជាថាតើពួកគេជាអ្នកណាខ្លះ និងមានចំនួនប៉ុន្មាននាក់ឱ្យប្រាកដ។ ចំណែកលោក ហ្សេលេនស្គី គឺមិនបានទទួលស្គាល់ ឬបដិសេធការចោទប្រកាន់របស់ទីក្រុងមូស្គូឡើយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រុស្ស៉ីកំពុងតែលលេងជាមួយជីវិតឈ្លើយសឹកអ៊ុយក្រែន ក៏ដូចជាជាមួយអារម្មណ៍របស់សាច់ញាតិពួកគេ និងសង្គមអ៊ុយក្រែនទាំងមូល។

គួរបញ្ជាក់ថា ភ្លាមៗក្រោយដំណឹងនៃការធ្លាក់យន្តហោះរុស្ស៉ីខាងលើ ដែលកើតឡើងនៅតំបន់ Belgorod ភាគខាងលិចប្រទេសរុស្ស៉ីក្បែរ​តំបន់ព្រំដែន កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ុយក្រែន ដោយផ្អែកលើពីប្រភពការពារជាតិ បាននាំគ្នារាយការណ៍ថា យោធាអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះនោះ ហើយថា វាដឹកជញ្ជូនមីស៉ីល ប៉ុន្តែក្រោយមក ការអះអាងនោះក៏ត្រូវបានលុបចោលវិញ៕

អត្ថបទដែលជាប់ទាក់ទង