ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីលគ្រូសជាច្រើនគ្រាប់ ចូលសមុទ្រ

72

សេអ៊ូល៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី៣០ ខែមករានេះបានឱ្យដឹងថា កូរ៉េខាងជើងបានធ្វើតេស្ដបាញ់មីស៊ីលគ្រូសជាច្រើនគ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរ ភាគខាងលិចរបស់ខ្លួន តែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលគ្រូសចេញពីនាវាមុជទឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់ថាយោធារបស់ខ្លួនចាប់បានសញ្ញានៃមីស៊ីលគ្រូសជាច្រើនគ្រាប់ត្រូវបានបាញ់ឆ្ពោះទៅ កាន់សមុទ្រខាងលិចរបស់កូរ៉េខាងជើង នៅម៉ោង ៧៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ អគ្គសនាធិការចម្រុះកូរ៉េខាងត្បូងបន្ថែមថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការវិភាគលើការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង។

កាលពីថ្ងៃចន្ទម្សិលមិញ កូរ៉េខាងជើង បានអះអាងថាលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់លើការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ស៊េរីថ្មីចំនួន២គ្រាប់ ដែលជាប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ មីស៊ីលគ្រូសយុទ្ធសាស្ត្រស៊េរីថ្មីនេះមានឈ្មោះថា Pulhwasal-3-31 ហើយកាលពីសប្ដាហ៍មុន កូរ៉េខាងជើងក៏បានធ្វើតេស្ដបាញ់មីស៊ីលប្រភេទនេះដែរ។

គួរបញ្ជាក់ថា ផ្ទុយពីមីស៊ីលបាលិស្ទីគ ការធ្វើតេស្ដមីស៊ីលគ្រូស មិនត្រូវបានហាមឃាត់នៅក្រោមទណ្ឌកម្មសព្វថ្ងៃរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើង នោះទេ៕

អត្ថបទដែលជាប់ទាក់ទង