ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យនគរបាលបន្ដត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ ខណៈប៉ុន្មានថ្ងៃនៃយុទ្ធនាការនេះ គ្រោះថ្នាក់ថយចុះ

31

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបូកសរុបដកពិសោធន៍រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ បានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ ត្រូវបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្ដគ្រប់ប្រភេទ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឆ្លងកាត់យុទ្ធនាការប៉ុន្មានថ្ងៃនេះ នៅរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ បើធៀបនឹងរយៈពេលមុខនៃយុទ្ធនាការត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ។ នាយឧត្តមសេនីយ៍ បន្ដថា យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងនេះ មិនអាចដកថយបានឡើយ។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារមានការចង្អុលបង្ហាញ ការដាក់បទបញ្ជារបស់សម្ដេចធិបតី យើងបានចាត់ចែងខ្ញុំបញ្ជាផ្ទាល់ទៅឯកឧត្តម ជួន ណារិន្ទ ដើម្បីបើកយុទ្ធនាការមួយធ្វើការត្រួតពិនិត្យគ្រឿងស្រវឹង។ ជាលទ្ធផល នៅរាជធានីភ្នំពេញ មានការថយចុះចំនួនគ្រោះថ្នាក់ មានន័យថា យើងដើរតាមផ្លូវមួយដែលត្រឹមត្រូវ»

បើតាមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរនេះ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឬឈានទៅលុបបំបាត់នូវភាពអាណាធិបតេយ្យ ការមិនគោរពច្បាប់ចរាចរណ៍។ នាយឧត្តមសេនីយ៍ បន្ថែមទៀតថា នៅពេលខាងមុខ រាជធានី-ខេត្តណាដែលនៅតែបន្ដកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ទៀត នឹងត្រូវកោះប្រជុំដាច់ដោយឡែក ដើម្បីដកពិសោធន៍បន្ដទៀត។

ក្រៅពីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍នេះ ពិសេសនៅពេលរាត្រី គឺបានឈានទៅទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង បទល្មើសព្រហ្មទណ្ឌ មុខសញ្ញាទើបចេញពីពន្ធនាគារជាដើម។ ដូច្នេះការងារនេះមិនអាចធ្វើត្រឹមមួយរយៈពេលបាននោះទេ ពោលត្រូវបន្ដអនុវត្តជាបន្ដបន្ទាប់ ហើយដោយមិនជូនដំណឹងជាមុនឡើយ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ នៅពេលអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រូវប្រើប្រាស់អាកប្បកិរិយា ការប្រើប្រាសពាក្យសម្ដី ហើយត្រូវលុបបំបាត់នូវបាតុភាពអសកម្មផ្សេង ជៀសវាងនូវការតិះទៀនពីសំណាក់ប្រជាពលរដ្ឋ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ចត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ និងគ្មានការលើកលែងដោយឡើយ ចំពោះបុគ្គលទាំងឡាយដែលរារាំងដល់សមត្ថកិច្ច។

គួរជម្រាបថា ឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឲ្យស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១% មិនគោរពសិទ្ធិ២២% មិនប្រកាន់ស្តាំ៩% បត់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៥% ស្រវឹង៣% ភ្លើង/សញ្ញា១% សុខភាព/ងងុយ១% និងកត្តាអាកាសធាតុ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១,២៧៩/១,៥៩០នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩% (៨៨៨/១,២៧៩នាក់)។

គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៩៥០លើក ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០លើក។

បើគិតក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើន ៣៤១លើក ស្មើ១១% (៣,៣១៧/២,៩៧៦លើក) ចំនួនអ្នកស្លាប់ថយចុះ ១១៩នាក់ ស្មើ៧% (១,៥៩០/១,៧០៩នាក់) និងចំនួន អ្នករបួសកើន ៤៨៩នាក់ ស្មើ១២% (៤,៥១៥/៤,០២៦នាក់)។

ដោយឡែក តាមរយៈការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់ សរុបចំនួន ៧៤,៩៣៧ គ្រឿង (៧៥,០៥៤ករណី) ដែលក្នុងនោះរួមមាន៖

* ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ៦២,៥២៩គ្រឿង (៦២,៥៣០ករណី) ស្មើ៨៣% (មិនពាក់មួកសុវត្ថិភាព៨៩% ភ្លើង/ផ្លាក៦% ស្រវឹង២% គ្មានផ្លាកលេខសម្គាល់២% និងតាំង/កែច្នៃ១%)។

* រថយន្តចំនួន ១២,៤០៨គ្រឿង (១២,៥២៤ករណី) ក្នុងនោះធុនធ្ងន់ ១,០២៥គ្រឿង (១,០៦៩ករណី) ស្មើ១៧% (ល្មើសល្បឿន៥១% ភ្លើង/ផ្លាក១៩% គ្មានបណ្ណបើកបរ១២% ឆៀក៦% ខ្សែក្រវ៉ាត់៤% ស្រវឹង៣% ដឹកលើសចំណុះ១% គ្មានផ្លាកលេខ១% ទូរស័ព្ទ១% និងដាក់តាំង/កែច្នៃ១%)៕

អត្ថបទដែលជាប់ទាក់ទង