ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរីកាលពីឆ្នាំ២០២៣ កើនជិតដល់ ៦០,០០០នាក់

74

អង់ការ៉ា៖ រដ្ឋមន្ត្រីមហាផ្ទៃបានឱ្យដឹងនៅថ្ងៃសុក្រនេះថា គ្រោះរញ្ជួយដីដ៏ប្រល័យកាលពីឆ្នាំមុន នៅភាគអាគ្នេយ៍ប្រទេសតួកគីបានសម្លាប់មនុស្ស ៥៣,៥៣៧នាក់ នៅក្នុងប្រទេសនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ជិត ៦០,០០០នាក់ នេះបើរាប់បញ្ចូលទាំងចំនួនអ្នកស្លាប់នៅតំបន់ក្បែរខាងដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។

រដ្ឋាភិបាលនៃប្រទេសស៊ីរីដែលនៅជិតខាង បាននិយាយថា មនុស្ស ១,៤១៤ នាក់បានស្លាប់នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន នៅក្នុងគ្រោះមហន្តរាយដែលបានកើតឡើងនៅថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២៣។

ចំណែកឯ ក្រុមមន្ត្រីដែលគាំទ្រដោយតួកគីនៅភាគខាងជើងប្រទេសស៊ីរី បានដាក់ចំនួនអ្នកស្លាប់នៅក្នុងតំបន់ ដែលកាន់កាប់ដោយក្រុមឧទ្ទាមមានចំនួន ៤,៥៣៧។ ដូច្នេះចំនួនអ្នកស្លាប់ជាផ្លូវការសរុបកើនដល់ ៥៩,៤៨៨ នាក់ ដែលធ្វើឱ្យការរញ្ជួយដីកាលពីឆ្នាំមុន ក្លាយជាគ្រោះមហន្តរាយអាក្រក់បំផុត ចាប់តាំងពីឆ្នាំ ១៩៧០ ដែលកាលនោះគ្រោះរញ្ជួយដីក្នុងប្រទេសប៉េរូ បានសម្លាប់មនុស្ស ៦៧,០០០នាក់។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ផ្លូវការពីមុនរបស់ប្រទេសតួកគី ដែលបានចេញផ្សាយនៅក្នុងសប្តាហ៍ដំបូងបន្ទាប់ពីការរញ្ជួយដីបានបង្ហាញថា មានចំនួនសរុបចំនួន ៥០,៧៨៣ នាក់។ ហើយការបញ្ចេញតួលេខចុងក្រោយនេះ ធ្វើឡើងនៅមុនថ្ងៃ គម្រប់ខួបនៃគ្រោះមហន្តរាយដ៏ប្រល័យជាប្រវត្តិសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង