ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើយុទ្ធនាការតេស្តរកសារធាតុញៀន

36

 

កំពង់ឆ្នាំ៖ ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ បាននឹងកំពុងបន្តយុទ្ធនាការធ្វើការតេស្តពិនិត្យវិភាគស្វែងរកសារធាតុញៀន ពីមន្ត្រីនគរបាលតាមបណ្ដាអធិការដ្ឋានគរបាលក្រុង ស្រុកទាំង៨ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤នេះតទៅ ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា យុទ្ធនាការត្រួតពិនិត្យស្វែងរកសារធាតុញៀន ចំពោះមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង នឹងធ្វើដោយការយកចិត្តទុកដាក់ជាទីបំផុត និងធ្វើចំពោះមន្ត្រីគ្រប់រូបដែលមានក្របខ័ណ្ឌក្នុងខេត្តកំពង់ឆ្នាំង ដោយមិនគិតពីតួនាទី បុណ្យស័ក្កិ ឬជាអ្វីឡើយ ។

លោកឧត្តមសេនីយ៍ទោ បានថ្លែងបន្តថា ការតេស្តពិនិត្យស្វែងរកសារធាតុញៀនពីមន្ត្រីនគរបាលនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៨ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនេះ គឺមិនមែនធ្វើតែម្ដងនេះឡើយ គឺស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នឹងរៀបចំធ្វើយុទ្ធនាការនេះជាបន្តបន្ទាប់ទៀត លុះត្រាតែគ្រប់ចំនួនក្របខ័ណ្ឌនៅក្នុងខេត្ត ដោយមិនមានការជូនដំណឹងទុកជាមុននោះឡើយ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នឹងធ្វើការប្រកាសភ្លាមៗ បើករណីមន្ត្រីនគរបាលរូបណាគេចវេស ឬអវត្តមានមិនមកធ្វើតេស្តពិនិត្យ នោះក្រុមការងារត្រួតពិនិត្យ អាចសន្និដ្ឋានបានថា មន្ត្រីនគរបាលរូបនោះ មានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង