ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ធី ភី

54

 

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី
ផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ធី ភី។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផល អេចឈ៍ ធី ភី (HTP-Heated Tobacco Product) ដោយហេតុផលថា ផលិតផលទាំងនេះបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។

១. បារីអេឡិចត្រូនិក
បារីអេឡិចត្រូនិកមានរូបរាង និងទំហំជាច្រើនប្រភេទ។ ភាគច្រើន នៃបារីអេឡិចត្រូនិក មានផ្នែក សម្រាប់បញ្ចេញកំដៅ និងផ្នែកដែលផ្ទុកសារធាតុរាវ។ បារីអេឡិចត្រូនិក បញ្ចេញចំហាយដោយសារ ការដុតកំដៅនៃសារធាតុរាវដែលមានផ្ទុកនូវសារធាតុនីកូទីន។ បារីអេឡិចត្រូនិក មានឈ្មោះជាច្រើន ដូចជា E-cigs, Mods, Vape pens, Vapes, ជាដើម ជាទូទៅគេហៅថា វ៉េបភីង (Vaping)។ បារីអេឡិចត្រូនិក ត្រូវបានគេប្រើប្រាស់ជាមួយកញ្ញា និងសារធាតុញៀនផ្សេងទៀតផងដែរ។
ចំហាយបារីអេឡិចត្រូនិកដែលអ្នកប្រើប្រាស់ស្រូបយកពីឧបករណ៍ និងបញ្ចេញមកវិញមានសារធាតុ
ដែលមានគ្រោះថ្នាក់ រួមមាន៖
នីកូទីន (Nicotine)
ភាគល្អិតៗដែលអាចស្រូបចូលទៅក្នុងសួត
សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្ដាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ សារធាតុសរីរាង្គដែលងាយហើរ
សារធាតុគីមីដែលអាចបណ្ដាលឱ្យមានជំងឺមហារីក
ក្រុមលោហៈធ្ងន់ ដូចជា នីកែល សំណប៉ាហាំង និងសំណ
បារីអេឡិចត្រូនិកបង្កផលប៉ះពាល់លើសុខភាព ដោយសារសារធាតុនីកូទីនអាចបណ្ដាលឱ្យមាន ភាពញៀនខ្លាំង មានគ្រោះថ្នាក់ដល់គភ៌ ពុលដល់ទារកក្នុងផ្ទៃពោះ មានហានិភ័យដល់ការលូតលាស់ខួរក្បាល ហើយសារធាតុល្អិតៗ ដែលជ្រាបចូលដល់ក្នុងសួតអាចបណ្ដាលឱ្យមានជំងឺមហារីក។ ការប្រើប្រាស់បារី អេឡិចត្រូនិកអាចបណ្តាលឱ្យកុមារ និងក្មេងជំទង់ញៀន ហើយក៏មានផលប៉ះពាល់ ដល់ការលូតលាស់ខួរក្បាល
និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាលដែលនាំឱ្យមានការថយចុះនៃការផ្ចង់អារម្មណ៍
ការរៀនសូត
និងការគ្រប់គ្រងកំហឹង ព្រមទាំងងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។ នីកូទីនក៏ដូច ជាសារធាតុញៀនដទៃទៀតដែរ វាអាចបណ្ដាលឱ្យមានការប្រែប្រួលផ្លូវចិត្ត (Mood) ការប្រើប្រាស់នីកូទីន អាចបណ្ដាលឱ្យមានភាពរើមេ (Withdrawal) ដែលអាចសំដែងចេញជា ភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។

២. ផលិតផលស៊ីហ្សា
ផលិតផលស៊ីហ្សា ឬអាចហៅម្យ៉ាងទៀតថាជា “ឌៀរទឹក” និងមានរូបរាងច្រើនបែប។ ការសិក្សាជាច្រើនបានរកឃើញថា ការជក់ស៊ីហ្សាមានបរិមាណជាតិពុលខ្លាំង ដែលអាចបណ្ដាលឱ្យមានជំងឺដូច ការជក់បារី មានជាអាទិ៍៖ ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺធ្មេញ ទារកកើតមិនគ្រប់ខែ រលាកចម្រុះ មិនមាន លទ្ធភាពបន្តពូជ សុខភាពផ្លូវចិត្តថយចុះ ជំងឺមហារីកសួត មហារីកក្រពះមហារីកប្លោកនោម។

៣. ផលិតផលអេចឈ៍ ធី ភី (HTP-Heated Tobacco Product)
ផលិតផល អេចឈ៍ ធី ភី គឺជាផលិតផលថ្នាំជក់ថ្មី មានរូបរាងច្រើនបែប ដែលផលិតឡើងដើម្បី ជំនួសផលិតផលថ្នាំជក់ធម្មតា ដោយបន្ថែមនូវសារធាតុក្រអូប ដែលទាក់ទាញយុវវ័យឱ្យប្រើប្រាស់។ វាមាន ផ្ទុកសារធាតុនីកូទីន ដែលបង្កផលប៉ះពាល់ដល់សុខភាពដូចបារីអេឡិចត្រូនិកផងដែរ។

ក្រសួងសុខាភិបាល មានការព្រួយបារម្ភ ចំពោះផលិតផលបារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី ភាគច្រើនមានរចនាបទយ៉ាងស្រស់ស្អាតមានភាពទាក់ទាញយុវវ័យក្នុងការ សាកល្បងប្រើប្រាស់ ហើយមានជនឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ស៊ីហ្សា និង ផលិតផល អេចឈ៍ ធី ភី តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម ដូចជា Facebook, Instagram, TikTok ជាដើម ក្រោមខ្លឹមសារបំផ្លើសថាជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាង បារីធម្មតា ផ្ទុយទៅវិញ បារីអេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី ពិតជាមានផលប៉ះពាល់ ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង សូម្បីតែមួយដងនូវផលិតផលខាងលើនេះ និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិក ឬ ស៊ីហ្សា និង ផលិតផល អេចឈ៍ ធី ភី ជាមធ្យោបាយផ្តាច់បារី។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តតាម ការណែនាំខាងលើនេះ ដើម្បីចៀសវាងនូវការញៀនដែលធ្វើឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងបង្កគ្រោះ ថ្នាក់ដល់សង្គម ដោយការប្រើប្រាស់បារី អេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី៕

អត្ថបទដែលជាប់ទាក់ទង