ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក មានបំណងវាយប្រហារបន្ថែមទៀត លើចលនាគាំទ្រដោយអ៉ីរ៉ង់

67

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថាសហរដ្ឋអាមេរិកមានបំណងបើកការវាយប្រហារបន្ថែមទៀតលើ ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីបានវាយប្រហារលើកងកម្លាំងអ៉ីរ៉ង់ និងចលនាគាំទ្រដោយតេហេរ៉ង់ ក្នុងប្រទេសស៊ីរី និងអ៉ីរាក់ កាលពីជាង ២ថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានវាយប្រហារតាមផ្លូវអាកាសផងដែរលើគោលដៅរបស់ក្រុមហ៊ូទី ៣៦ទីតាំង នៅក្នុងប្រទេសយេម៉ែន តែមួយថ្ងៃ ប៉ុណ្ណោះ ក្រោយយោធាអាមេរិកវាយប្រហារលើចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ជាការសងសឹកទៅនឹងការវាយប្រហារដោយ យន្ដហោះដ្រូនដែលបានសម្លាប់ទាហានអាមេរិក ៣នាក់ ក្នុងប្រទេសហ្ស៊កដានី។

ថ្លែងនៅក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍អាមេរិក NBC កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក Jake Sullivan បានគូសបញ្ជាក់ដូច្នេះថា «យើងមានបំណងចាត់វិធានការវាយប្រហារតាមផ្លូវអាកាសបន្ថែមទៀត ធ្វើសកម្មភាពបន្ថែម និងបន្តបញ្ជូនសារយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតប នៅពេលកងកម្លាំងរបស់យើងត្រូវបានវាយប្រហារ និងនៅពេលកងកម្លាំងរបស់យើងត្រូវបានសម្លាប់»។ ប៉ុន្តែ លោក Sullivan បានបដិសេធមិនឆ្លើយតបថាតើ សហរដ្ឋអាមេរិក អាចនឹងវាយប្រហារលើទឹកដីអ៉ីរ៉ង់ដោយផ្ទាល់ ឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ន អ៉ីរ៉ង់បានចៀសវាងការលូកដៃដោយផ្ទាល់នៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា បើទោះជាគាំទ្រចលនាប្រដាប់អាវុធជាច្រើនក៏ដោយ។ រីឯ មន្ទីរបញ្ចកោណវិញក៏បានអះអាងដែរថាខ្លួនមិនចង់មានសង្រ្គាមជាមួយអ៉ីរ៉ង់នោះទេ ហើយក៏ជឿដែរថាអ៉ីរ៉ង់ក៏មិនចង់មានសង្រ្គាមជាមួយសហរដ្ឋអាមេរិក ដូចគ្នាដែរ៕

អត្ថបទដែលជាប់ទាក់ទង