ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តរបស់គម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ និងស្តង់ដាសាលាមធ្យមគំរូ USESDP-2

20

 

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តរបស់គម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ និងស្តង់ដាសាលាមធ្យមគំរូ USESDP-2 ដែលគាំទ្រដោយ ធនាគារអភិវឌ្ឍអាស៊ី ADB និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះផ្ដោតពិភាក្សា លើវឌ្ឍនភាពសម្រេចបានកន្លងមក សិក្សាស្វែងយល់ពី បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ រៀបចំយន្តការគាំទ្រការអនុវត្តសាលារៀនគំរូ និងផែនការសកម្មភាពឆ្នាំ២០២៤ នាទីស្ដីការក្រសួងថ្ងៃទី០៥ កុម្ភៈ ២០២៤។

សមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំសិក្សាកន្លងទៅរួមមាន៖ (១). បន្តពង្រីកវិសាលភាពនៃ សកម្មភាពមគ្គុទ្ទេសក៍ និងការផ្ដល់ប្រឹក្សា (CGC) ៖ ការតម្រង់ទិសសិស្ស ថ្នាក់ទី១២ សេវាមគ្គុទ្ទេសក៍ក្នុងថ្នាក់សម្រាប់មធ្យមសិក្សា បឋមភូមិ និងទុតិយភូមិការផ្ដល់ប្រឹក្សាទល់មុខ ការប្រើប្រាស់កម្មវិធីត្រីវិស័យ កម្មវិធីជំនួបមាតាបិតា ឬអ្នកអាណាព្យាបាល (២). កម្មវិធីបណ្ដុះបណ្ដាលជំនាញបន្ថែម ផ្នែកស្ទែម (STEM Skills Extra-Curricular) (៣). វឌ្ឍនភាពនៃការអនុវត្តស្តង់ដាសាលារៀនគំរូ ៖ ក្នុងឆ្នាំ២០២៣ វិទ្យាល័យធនធានទាំង៥០ បានអនុវត្តកម្មវិធីស្តង់ដាសាលារៀនគំរូ ក្នុងក្របខណ្ឌស្តង់ដា៥ សូចនាករ ៧១។ ដើមឆ្នាំ២០២៤ វិទ្យាល័យធនធាន ៥០ និងវិទ្យាល័យបណ្ដាញ ៨៧ បាននិងកំពុងអនុវត្ត កម្មវិធីស្តង់ដាសាលារៀនគំរូ ក្នុងក្របខណ្ឌស្តង់ដា៥ សូចនាករ ៨៣។ (៤). យន្តការគាំទ្រការអនុវត្តសាលារៀនគំរូ៖ ក្រុមការងារគាំទ្រ និងវាយតម្លៃ គោលការណ៍ណែនាំប្រតិបត្តិក្នុងការគាំទ្រសាលារៀន យន្តការវាយតម្លៃទទួលស្គាល់សាលារៀនជាសាលារៀនគំរូ។

ដើម្បីជាមូលដ្ឋាននៃការកែលម្អ និងជំរុញការអនុវត្តគម្រោងឱ្យកាន់តែល្អប្រសើរ ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារដូចខាងក្រោម ៖
១). រាល់ការបណ្ដុះបណ្ដាល ត្រូវផ្សារភ្ជាប់ការវាយតម្លៃ ដើម្បីឱ្យដឹងច្បាស់ពី ប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាល និងចំណុចត្រូវកែលម្អ
២). ពង្រឹងសមត្ថភាពគ្រូបង្រៀន ដោយត្រូវបញ្ចូលកម្មវិធីស្តង់ដាសាលារៀនគំរូទៅក្នុងកម្មវិធីសិក្សាគរុកោសល្យ ភាសាបរទេស (អង់គ្លេស បារាំង ចិន) វិធីសាស្ត្របង្រៀនថ្មី (តាមកម្មវិធីសាលារៀនជំនាន់ថ្មី) ផ្ដល់ឯកសារស្វ័យសិក្សាឱ្យបានគ្រប់គ្រាន់។
៣). ការគ្រប់គ្រងសាលារៀន ៖ បញ្ចូលបំណិនទៅក្នុងសាលារៀនគំរូ បន្ថែមកម្មវិធីស្វ័យសិក្សាឱ្យច្រើន, ផ្សារភ្ជាប់សាធារណមតិ ក្នុងការវាយតម្លៃ និងពិនិត្យមើលលទ្ធផលធ្វើតេស្តដើម្បីដឹងពីចំណុចខ្សោយ និងខ្លាំងរបស់សិស្ស
៤). រៀបចំផែនការយុទ្ធសាស្ត្រ៖ ពិនិត្យមើលលទ្ធភាពសាលាធនធាន ត្រូវរៀបចំកម្មវិធីរៀនពេញមួយថ្ងៃ ធ្វើអធិការកិច្ចតាមសាលាឱ្យទៀងទាត់ ដោយចុះទៅតាមសាលាដោយផ្ទាល់ ដើម្បីដឹងពីបញ្ហា និងអាចដោះស្រាយទាន់ពេលវេលា បំប៉នសិស្សរៀនយឺត ត្រូវធ្វើជាប្រចាំ ត្រូវសិក្សាអំពីបញ្ហា នឹងតម្រូវការរបស់សាលារៀន ដើម្បីរៀបចំការចុះគាំទ្រឱ្យបានត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ការរៀបចំប្រព័ន្ធអធិការកិច្ចត្រឹមត្រូវ នឹងធានានិរន្តរភាពនៃការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងធានាបាននូវលទ្ធផលសិក្សារបស់សិស្សដែលមានការទទួលស្គាល់ពីដៃគូអភិវឌ្ឍ និងអាណាព្យាបាលសិស្ស ក៏ដូចជាណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នាអនុវត្តគម្រោងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងរលូន៕

អត្ថបទដែលជាប់ទាក់ទង