ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​រាជធានី៖ដាក់ផែនការបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅតាម​មូលដ្ឋាន​សង្កាត់ ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ​ ចាប់ពីថ្ងៃ២៣កុម្ភៈ

103

ភ្នំពេញ៖ដោយសារកំណើន អ្នកជំងឺគ្រុនឈាមមានការកើនឡើងគួរអោយព្រួយបារម្ភនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំបន្ទាន់មួយ ជាមួយនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ទីរពាក់ព័ន្ធនិង អភិបាលខណ្ឌទាំង ១៤ដើម្បីរិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឲ្យបាននូវការរីករាលដាលនៃជំងឺគ្រុនឈាមនេះ ។
នៅក្នុងកិច្ច​ប្រជុំរៀបចំផែនការបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅតាម​មូលដ្ឋាន​សង្កាត់ ខណ្ឌក្នុង​រាជធានី​ភ្នំពេញ​ នា​រសៀល​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ នៅសាលារាជធានី​ភ្នំពេញ​ ឯកឧត្ដម ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​បានថ្លែងនូវការកោតសរសើរនិងការអរគុណយ៉ាងជ្រាលជ្រៅចំពោះ កងពលតូចលេខ៧០ ដែលតែងតែបានជួយប្រជាពលរដ្ឋលើវិស័យសុខាភិបាលកន្លងមក។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មន្ត្រីរាជការទាំងអស់ ត្រូវឈឺឆ្អាលពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតាមរយៈការងាររបស់យើងកន្លងមក គឺពិតជាបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា តាមរយៈរបាយការណ៍ដែលបានបង្ហាញ ជម្ងឺគ្រុនឈាមបានកើតគួរឲ្យព្រួយបារម្មណ៍ដែលទាមទារឲ្យយើងគ្រប់គ្នាមានវិធានការដោះស្រាយពិសេសគឺ អនុវត្តវិធានការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងការប្រើប្រាស់ថ្នាំអាបែតសម្លាប់ដង្កូវទឹកជាដើម។
ឯកឧត្ដមឃួង ស្រេង បានជំរុញហើយ អាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើល មូលដ្ឋានរបស់ខ្លួនពិសេសចំពោះទីតាំងដែលបង្ករលក្ខណៈឲ្យមូសអាចរស់នៅបាន ដើម្បីយើងមានវិធានការកម្ចាត់មូសទាំងនោះចោល។ មន្ទីរសុខាភិបាល ត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើវិស័យសុខាភិបាល ពោលគឺធ្វើយ៉ាងណា កុំឲ្យជម្ងឺគ្រុនឈាមនេះកើនឡើងថែមទៀត។
លោកងី មានហេង នាយកមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា នៅ៦សប្តាហ៍កន្លងមកនេះ ជំងឺគ្រុនឈាមបានឆ្លងរាលដាលចំនួន១០០០នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ជុំវិញបញ្ហានេះ ក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈមន្ទីរសុខាភិបាលនិងបែងចែកក្រុមការងារជា៤ក្រុមដើម្បីបាញ់ថ្នាំសម្លាប់សត្វមូស ដោយដំបូងនេះ យើងនឹងបាញ់ថ្នាំសម្លាប់មូលនៅខណ្ឌចំនួន៤ នោះមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោនិងខណ្ឌកំបូល ដោយចាប់អនុវត្តកិច្ចការងារនេះ ចាប់ពីថ្ងៃស្អែកនេះទៅ៕

អត្ថបទដែលជាប់ទាក់ទង