ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្តើមដំណើរការនាព្រឹកនេះហើយ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥

63

 

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ផ្តើមដំណើរការហើយ។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០០៥ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជាអសកលផង ជ្រើសតាំងផង និងចាត់តាំងផង សម្រាប់រយៈពេល៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានសមាជិកស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា។ ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។

អនុលោមតាមច្បាប់នេះ សមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ មានចំនួន៦២រូប។ ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង៥៨រូបផ្សេងជ្រើសរើសតាមការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ហើយអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម៖

ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ
ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ
ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ
ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ
ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ
ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ
ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ
ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ឥស្សរជននយោបាយកំពូលៗរបស់កម្ពុជា នឹងអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតដូចខាងក្រោម៖

ទី១៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតនៅការិយាល័យ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។

ទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបោះឆ្នោតនៅការិយាល័យ១០០១ មណ្ឌលវិទ្យាល័យព្រះស៉ីសុវត្ថិ

ទី៣៖ សម្តេចក្រឡាហោម ស ខេង អញ្ជើញបោះឆ្នោតនៅការិយាល័យ៤០០២ មណ្ឌលវិទ្យាល័យសម្តេចឪ (ក្រុងបាត់ដំបង)

ទី៤៖ សម្តេច ម៉ែន សំអន អញ្ជើញបោះឆ្នោតនៅការិយាល័យ៦០០៣ មណ្ឌលសាលាបឋមសិក្សា ព្រះសីហនុ (ក្រុងស្វាយរៀង)

ទី៥៖ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបោះឆ្នោតនៅការិយាល័យ៤០០៤ មណ្ឌលវិទ្យាល័យអង្គរ (ក្រុងសៀមរាប)

ទី៦៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញបោះឆ្នោតនៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង