ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ ជំរុញឲ្យពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និង ការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល

33

 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្ហាញពីផែនការ និង ទិសដៅនៅចំពោះមុខ ដែលត្រូវបន្តអនុវត្តឱ្យបានល្អ មានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមគោលនយោបាយបច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។

នៅក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានប្រារពធ្វើថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យនិងវាយតម្លៃចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានានិងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមានជំហរច្បាស់លាស់ក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវានិងការប្រើប្រាស់ បច្ចេកវិទ្យានិងឌីជីថលជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំង កងវិស្វកម្ម ដែលអនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានរួមចំណែកយ៉ាងសកម្ម លះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ចំណាយទាំងបញ្ញា និងស្មារតី ខិតខំប្រឹងប្រែងបំពេញការងារមិនខ្លាច នឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាន នូវសមិទ្ធផលសំខាន់ៗជាច្រើន ជូន សង្គមជាតិ ក្នុងរយៈពេលកន្លងមកនេះ។

ឯកឧត្តមបានរំលេចថា សន្និបាតរយៈពេល២ថ្ងៃគឺថ្ងៃទី២៨-២៩នេះ នឹងផ្តល់ឱកាសឱ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ អាចចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ បទពិសោធន៍ ចែករំលែក ចំណេះដឹង និងធាតុចូលនានា សម្រាប់រៀបចំនិងអនុវត្តទិសដៅការងារបន្តឱ្យមានប្រសិទ្ធផលនិងប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយធ្វើយ៉ាងណាឱ្យក្រសួងអាចសម្រេចបាននូវជោគជ័យ តាមទិសដៅការងារ ដែលបានគ្រោងទុក។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងឆ្នាំនេះ ក្រសួងបានជ្រើសរើសយកប្រធានបទ ដោយបញ្ជាក់នូវអាទិភាពការងារមុតស្រួចចំនួនប្រាំ ដែលជាទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ហើយស្របជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនោះគឺ៖ ការពង្រឹងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រី, ការពង្រឹងលើគុណភាពសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន ផ្លូវទឹក ផ្លូវដែក និងការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូន, ការរៀបចំច្បាប់-បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសាធារណការនិងដឹកជញ្ជូន, ការពង្រឹងលើការផ្តល់សេវាសាធារណៈឱ្យមានតម្លាភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព, និងការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា និងទំនើប និងឌីជីថល ក្នុងការផ្តល់សេវាសាធារណៈនិងការគ្រប់គ្រងស្ថាប័ន ដែលក្នុងនោះជំរុញឱ្យមានការប្រើប្រាស់ឧបករណ៍ថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើប សម្រាប់ការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ប្រកបដោយគុណភាព។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ស្វាហាប់និងឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តដឹកនាំជាតិ ឆ្ពោះទៅរកវឌ្ឍនភាព និង បង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តាមគោលការណ៍ “រក្សាចាស់, ពង្រីកថ្មី» ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការអនុវត្ត តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី ១»ដោយរួមបញ្ចូលនូវ “កម្មវិធីគោលនយោបាយ» និង «វិធានការគន្លឹះ» សំខាន់ៗដែលបានកំណត់ទិសដៅ និងអាទិភាពនានា ក្នុងការដឹកនាំប្រទេស ដែលមានបាវចនាចំនួន ៥ គឺ៖ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាព គន្លឹះចំនួន ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ព្រមទាំងបាននិងកំពុងដាក់ចេញ នូវវិធានការកែទម្រង់មុតស្រួច, ច្បាស់លាស់ និង ចំទិសដៅ ដែលអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ជាច្រើន និង ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង