ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បែកធ្លាយសារសម្លេងរបស់មន្ត្រីបម្រើការងារនៅសាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការបែងចែកចំណូល ចំណាយ

38

 

ភ្នំពេញ៖ ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកំពុងពិនិត្យនិងស្រាវជ្រាវលើករណីបែកធ្លាយសារសម្លេង ព្រមទាំងឯកសារមួយចំនួនលើបណ្ដាញសង្គម ដែលត្រូវបានអះអាងថាជារបស់មន្ត្រីបម្រើការងារនៅសាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការបែងចែកចំណូល ចំណាយ។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីថ្ងៃទី 6 ខែមីនាឆ្នាំ 2024 ឲ្យដឹងថា ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មាន និងចែកចាយបន្តនូវសារសម្លេង ព្រមទាំងឯកសារមួយចំនួន ដែលត្រូវបានអះអាងថាជារបស់មន្ត្រីបម្រើការងារនៅសាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការបែងចែកចំណូល ចំណាយផ្សេងៗ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋាន កំពុងពិនិត្យនិងស្រាវជ្រាវលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់។ ក្នុងករណីដែលរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តកំហុសពិតប្រាកដមែន អគ្គនាយកដ្ឋាន នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយមិនលើកលែងឱ្យឡើយ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា មេត្តាកុំយករូបថតរបស់ថ្នាក់ដឹកនាំអង្គភាព ឬមន្ត្រីមិនពាក់ព័ន្ធ ទៅភ្ជាប់ជាមួយករណីខាងលើ ដែលបង្កជាការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល ក៏ដូចជាអង្គភាពទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង