ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជាពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុង ប្រទេសរុស្ស៉ី ពីបទសង្ស័យធ្វើចារកម្ម

88

មូស្គ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS កាលពីថ្ងៃចន្ទ ទី១១ ខែមីនា បានរាយការណ៍ថាបុរសជាពលរដ្ឋកូរ៉េខាងត្បូងម្នាក់ត្រូវបានឃាត់ខ្លួន នៅក្នុង ប្រទេសរុស្ស៉ី កាលពីដើមឆ្នាំ២០២៤ ពីបទសង្ស័យធ្វើចារកម្ម ហើយអាចនឹងបន្តជាប់ឃុំរហូតដល់ពាក់កណ្ដាលខែមិថុនា។

តាមទីភ្នាក់ងារសារព័ត៌មាន TASS នេះគឺជាលើកដំបូងបំផុតដែលពលរដ្ឋកូរ៉េខាងត្បូងម្នាក់ត្រូវបានចាប់ឃុំខ្លួន ពីបទសង្ស័យធ្វើចារកម្មនៅក្នុងប្រទេសរុស្ស៉ី។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ីដដែល បានឱ្យដឹងទៀតថាបុរសកូរ៉េខាងត្បូងរូបនេះត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះថា Baek Won-soon និងត្រូវបាន ប៉ូលិសរុស្ស៉ីចាប់ខ្លួនកាលពីដើមឆ្នាំ២០២៤ ក្នុងទីក្រុង Vladivostok ហើយត្រូវបានបញ្ជូនទៅឃុំខ្លួននៅទីក្រុងមូស្គូ កាលពីចុងខែកុម្ភៈ។

បច្ចុប្បន្ន លោក Baek Won-soon កំពុងជាប់ឃុំក្នុងពន្ធនាគារ Lefortovo ជាទីដែលតុលាការរុស្ស៉ីកាលពីថ្ងៃចន្ទបានបង្គាប់ឱ្យបន្តឃុំខ្លួនរូបលោករហូតដល់ ថ្ងៃទី១៥ ខែមិថុនា។

គួរបញ្ជាក់ថា ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីអនុវត្តច្បាប់រុស្ស៉ីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ TASS បានបញ្ជាក់ថាជនសង្ស័យខាងលើបានផ្ទេរ ព័ត៌មានពាក់ព័ន្ធនឹងកិច្ចការសម្ងាត់ជាតិ ទៅឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសមួយចំនួន ហើយសំណុំរឿងនេះដែរត្រូវបានចាត់ទុកជាកិច្ចការសម្ងាត់ កម្រិតខ្ពស់ ដូច្នេះហើយមិនមានការផ្ដល់ព័ត៌មានលម្អិតនោះទេ។ រុស្ស៉ីបានចាត់ទុកកូរ៉េខាងត្បូងជាប្រទេសអមិត្ត ដោយសារតែទីក្រុងសេអ៊ូលគាំទ្រដល់ ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង