ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ទទួលជ័យជម្នះជាថ្មីម្តងទៀត ក្នុងការបោះឆ្នោត កាលពីអាទិត្យចុងសប្តាហ៍កន្លងទៅនេះ

77

ប៉េកាំង៖ នៅថ្ងៃចន្ទនេះ សម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រទេសរុស្ស៉ី គឺចិនបានចេញមុខសម្តែងការចូលរួមអបអរសាទរ ចំពោះប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលទើបតែទទួលជ័យជម្នះជាថ្មីម្តងទៀត ក្នុងការបោះឆ្នោត កាលពីអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។

នៅពេលត្រូវបានសាកសួរអំពីការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបដូច្នេះថា «ចិនសូមចូលរួមសម្តែងការអបអរសាទរ ចំពោះរឿងនេះ។ ចិននិងរុស្ស៉ីគឺជាប្រទេសជិតខាងធំជាងគេបង្អស់សម្រាប់គ្នា ហើយជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងយុគសម័យថ្មីនេះ។ យើងជឿជាក់ យ៉ាងរឹងមាំថា នៅក្រោមមគ្គទេសក៍យុទ្ធសាស្រ្ត របស់ប្រធានាធិបតី ស៉ី ជិនពីង និងប្រធានាធិបតី ពូទីន ទំនាក់ទំនងចិន-រុស្ស៉ី នឹងបន្តបោះជំហានទៅមុខ។ លោក Lin ក៏បានកត់សម្គាល់ផងដែរថា ឆ្នាំ២០២៤នេះ គឺជាខួបទី៧៥ហើយ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ខណៈ៩៩ភាគរយនៃមណ្ឌលបោះឆ្នោត បានបញ្ជូនលទ្ធផលរាប់សន្លឹកឆ្នោតរបស់ខ្លួន លោក ពូទីន ត្រូវបានមើលឃើញថា ទទួលបានសំឡេងគាំទ្ររហូតដល់ ៨៧.៣៣ភាគរយ នៃចំនួនសន្លឹកឆ្នោតទាំងអស់ ខណៈគូប្រជែង៣រូបទៀត គឺម្នាក់ៗទទួលបានសំឡេង​គាំទ្រមិនដល់៥ភាគរយឡើយ។ តាមរយៈជ័យជម្នះនេះ លោក ពូទីន ដែលមានអាយុ៧១ឆ្នាំ នឹងត្រូវកាន់អំណាចដឹកនាំប្រទេសរុស្ស៉ី ៦ឆ្នាំបន្ថែមទៀត ហើយអាចនឹងវ៉ាដាច់អតីតមេដឹកនាំសូវៀត Josef Stalin ក្លាយជាមេដឹកនាំរុស្ស៉ី កាន់អំណាចយូរជាងគេបំផុត ក្នុងរយៈពេល ២០០ឆ្នាំ ប្រសិនបើលោកដឹកនាំបានពេញមួយអាណត្តិថ្មីនេះ៕

អត្ថបទដែលជាប់ទាក់ទង