ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញជំហរយ៉ាងមុតមាំ ក្នុងការការពារឯករាជ្យភាពជាតិ ប្រឆំាងដាច់ខាតការជ្រៀតជ្រែករបស់បរទេស

207

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា កម្ពុជាបានរៀបចំពិធីជួបជុំទ្រង់ទ្រាយធំ អបអរសាទរខួប ៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ពិធីជួបជុំទ្រង់ទ្រាយធំខុសពីឆ្នាំមុនៗ ត្រូវបានធ្វើឡើង នៅវិមានឯករាជ្យ និងមានរៀបចំមិទ្ទិញមហាជន នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ក្នុងមិទ្ទិញមហាជន កាលពីព្រឹកថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសន្ទរកថា ដើម្បីចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី៦៥ មុនពេលព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូល ទៅកាន់អង្គមិទ្ទិញ ដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា ទ.ក.ក និងផ្សាយបន្តផ្ទាល់គ្រប់ទូរទស្សន៍គ្រប់ប៉ុស្តិ៍ ព្រមតាំងផ្សាយតាមប្រព័ន្ធហ្វេសប៊ុកផងដែរ។
នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជនប្រមាណជាង ២ ម៉ឺននាក់ ក្នុងមិទ្ទិញអបអរទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៥ ឆ្នាំ ក្រៅពីលើកឡើងយ៉ាងច្រើនពីព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះ នរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យពីបារាំង សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហរយ៉ាងមុតមាំជាថ្មីម្តងទៀត ក្នុងការការពារឯករាជ្យភាពជាតិ ប្រឆំាងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ដោយយកលំអានតាមសម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គ បានបំពេញព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមជាច្រើន ដើម្បីជាតិ និងមាតុភូមិ ពិសេសការតស៊ូទាមទារឯករាជ្យជាតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ពីអាណានិគមបារាំង កាលពីឆ្នាំ១៩៥៣។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសពីគោលដៅចម្បង ៤ ចំណុច ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមមាន៖ បន្តកសាងប្រទេសជាតិ ការពារឯករាជ្យជាតិ សន្តិភាព បន្តដោះស្រាយបញ្ហាព្រំដែនគោក និងទឹក ព្រមទាំងទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
ចំណែកព្រះករុណា ព្រះមហាក្សត្រ ក្រៅពីលើកសរសើរដល់វីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ព្រះករុណាក៏បានប្រកាសអំពាវនាវឲ្យពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញកម្ពុជាតែមួយ ដើម្បីការពារឯករាជ្យជាតិ បូរណភាពទឹកដី ដែលកម្ពុជា ពុំអនុញ្ញាតឲ្យសត្រូវណាមួយ រំលោភបំពានបានឡើយ។
សម្តេចព្រះបរមនាថ នរោត្តម សីហនុ បានមានព្រះរាជបន្ទូលថា “រយៈពេលកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជាយើង មានការប្រែប្រួលមុខមាត់ថ្មី គួរឲ្យកោតសរសើរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិដ៏ល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយនឹងសមិទ្ធផលជាវិជ្ជមាន ដែលកើតចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិ ប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង”។
ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបន្តថា “នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គី ជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។ តាមរយៈមិទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើង ពិតជានឹងទទួលបានអនាគតភ្លឺស្វាង ក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបានឯកភាពជាតិដ៏រឹងមាំ ក្រោមទង់ដ៏មហាជោគជ័យ នៃសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្តនៃព្រះពុទ្ធសាសនា និងក្រោមបារមីនៃព្រះបរមក្សត្រ ដែលជាបុព្វបុរសជាតិ ជាស្ថាបនិកដ៏ល្បីល្បាញ នៃការកសាងសាងប្រាង្គប្រាសាទដ៏ល្អ ស្ថិតនៅស្កឹមស្កៃដ៏ប្រណិតគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា មាតុភូមិ ដែលជាកេរ្តិ៍មរតកជាតិ ដ៏មានតម្លៃ ពុំអាចកាត់ថ្លៃបានរបស់យើង ពិតជាពុំអាចមានសត្រូវណាមួយ រំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ”។
ជាញឹកញាប់មកហើយ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែប្រកាសហើយប្រកាសទៀត មិនដាច់ពីមាត់ ក្នុងការការពារឯករាជ្យភាពជាតិ ប្រឆំាងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ដែលមានបំណងបំផ្លាញសន្តិភាពនៅកម្ពុជា។ សុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកជីវិតទៅប្តូរ ទាំងលំបាក រហូតឈានដល់ការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃទាំងស្រុងនៅកម្ពុជា តាមរយៈការចុះចូលរបស់អង្គការចាត់តាំងខ្មែរក្រហម តាមនយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
កន្លងមក សម្តេចតេជោ ហ៊ុន សែន បានវាយកម្ទេចនូវពន្លកនៃបដិវត្តពណ៌ ដែលអតីតក្រុមគណបក្សប្រឆាំង ដឹកនាំដោយលោកកឹមសុខា ឃុបឃិតនឹងបរទេស ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ដោយយកលំនាំតាមបដិវត្តពណ៌ នៅប្រទេស ក្នុងមជ្ឈឹមបូព៌ា ជាដើម។
ក្នុងការពុះពារ ថែរក្សាសន្តិភាព និងសេចក្តីសុខរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនខ្វល់នឹងការរិះគន់ពីសំណាក់មជ្ឈដ្ឋានមួយចំនួន មានទាំងមជ្ឈដ្ឋានជាតិ និងទាំងមជ្ឈដ្ឋានអន្តរជាតិ មកលើរូបសម្តេចនោះទេ ចំពោះវិធានការលើអតីតគណបក្សប្រឆាំងនៅកម្ពុជា គឺសម្តេចមានបំណងតែម្យ៉ាងគត់ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ នៅកម្ពុជា។
ការនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា មិនមែនសម្តេចហ៊ុនសែន ទើបតែនិយាយ និងទើបតែធ្វើនោះទេ។ ពោលគឺចាប់តាំងពីដំណើរភៀសខ្លួន ចេញពីរបបខ្មែរក្រហម ចូលទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៧៨ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធជនអ្នកស្មោះស្ម័គ្រនឹងសម្តេច ៥រូបផ្សេងទៀត បានប្រថុយជីវិត ដើម្បីរត់ឆ្លងដែន ចូលទឹកដីវៀតណាម ប្រមូលផ្តុំកម្លាំង មកវាយផ្តួលរំលំរបបខ្មែរក្រហម រហូតទទួលបានជ័យជំនះ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕

អត្ថបទដែលជាប់ទាក់ទង