ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៤រយៈពេល៥ ថ្ងៃនឹងទទួលកំណើនទេសចរណ៍កើនឡើង

29

បាត់ដំបង: មន្ត្រីនៃមន្ទីទេសចរណ៍ខេត្តបាត់ដំបងមានសេចក្តីរំពឹងថានៅក្នុងពិធីបុណ្យចូលឆ្នាំនាពាក់កណ្តាលខែមេសាឆ្នាំ ២០២៤ ខាងមុខនេះនឹងមានកំណើនភ្ញៀវចូលទៅកំសាន្តតាមទីរមណីយដ្ខាននានាកាន់តែច្រើនបន្ទាប់ពីអាជ្ញាធរបានរៀបចំកែលម្អរកន្លែងកំសាន្តរបស់ខេត្តប្រមាណ៣៤កន្លែងរួមជាមួយនឹងការត្រៀមប្រាព្ធពិធីជាច្រើនទៀត។

រដ្ឋបាលខេត្តបាត់ដំបងក៏បានគ្រោងនិងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឲ្យបានអធឹកអធ័មជាទីបំផុតដោយត្រៀមរៀបចំចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ខែមេសាគឺសរុបមានចំនួន ៥ថ្ងៃ ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលមកពីខាងក្រៅផងដែរ។តាមរបាយការណ៍របស់មន្ទីទេសចរណ៍ខេត្តបង្ហាញថា កំឡុងពិធីបុណ្យអុំទូក សំពះព្រះខែនិងអកអំបុកកន្លងទៅខេត្តទទួលភ្ញៀវបានចំនួនប្រមាណ១០ម៉ឺននាក់កើន១,៩២ភាគរយ បុណ្យឆ្លងឆ្នាំសកលខេត្តទទួលបានភ្ញៀវជាង៣៥ម៉ឺននាក់កើន៦៧,៦០ ភាគរយបុណ្យចូលឆ្នាំចិនទទួលបានភ្ញៀវជាង៩ម៉ឺននាក់កើន១៥,៨៨ភាគរយ។

លោក ហម អរុណ អនុប្រធានមន្ទីទេសចរណ៍ខេត្ត បានឲ្យដឹង កាលពីថ្ងៃទី២២ខែមីនា ឆ្នាំ២០២៤ថា ៖ នៅក្នុងផែនការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៥ ថ្ងៃនេះ គឺមន្ទីទេចរណ៍រួមជាមួយរដ្ឋបាលខេត្តមានគោលបំណងបង្កើតការសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមទាំងបានផ្សព្វផ្សាយនូវ វប្បធម៌ ប្រពៃណីដ៏ល្អ តាមរយៈការរៀបចំសិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ពិសេសគឺការបង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិឲ្យបានស្គាល់អំពីទំនៀមទំលាប់ក៏ដូចជាសក្តានុពលរបស់អ្នករស់នៅខេត្តបាត់ដំបងតាមរយៈការដាក់តាំងនូវផលិតផលតាមបណ្ដាស្រុក ក្រុងទាំង១៤ ផងដែរ។
តាមមន្ត្រីរដ្ឋបាលខេត្តបានបញ្ជាក់ថានៅក្នុងរយៈពេល ៥ ថ្ងៃនៃព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនេះគឺរដ្ឋបាលខេត្តបានកំណត់ទីតាំងដែលត្រូវរៀបចំរួមមាន តាមបណ្ដោយវិថីសម្ដេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និងខាងមុខសារមន្ទីរប្រវត្តិសាស្ត្រខេត្ត (សាលាខេត្តចាស់) ក្នុងក្រុងបាត់ដំបងតែម្ដង ដោយមានការដាក់តាំងម្ហូបអ្នកបាត់ដំបង ចាប៉ីដងវែងយក្ស ផ្លែទុរេនយក្ស និង ណែមយក្សជាដើម៘ លុះនៅពេលរាត្រីក៏មានការរៀបការប្រគំតន្ត្រីខ្នាតយក្ស ព្រមទាំងមានការប្រកួតប្រដាល់គុនខ្មែរផងដែរ។

នៅក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនេះគឺរដ្ឋបាលខេត្តបាត់ដំបងបានសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ហើយរដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ទាំងទីជិតទីឆ្ងាយ អញ្ជើញចូលរួមកម្សាន្តឱ្យបានច្រើនកុះករប្រកបដោយភាពសប្បាយរីករាយទាំងអស់គ្នា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង