ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតីចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបងបាន »

37

 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបងបាន » ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត បានសម្ដែងនូវ ការអបអរសាទរជាមួយបងប្អូនជនរួមជាតិទាំងអស់ នាឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែល ប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មែនហើយ! យើងអាចបញ្ចប់ជំងឺ របងបាន» (Yes! We Can End TB)។ ការប្រារព្ធទិវានេះ គឺក្នុងគោលបំណងបន្តជំរុញ និងបង្ហាញនូវ ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ការគាំពារសុខភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំ ទូលាយ ព្រមទាំងបំផុសការយល់ដឹងលើការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យ បានយល់អំពីបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ សង្គមជាតិទាំងមូល។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត សម្ដែងនូវសេចក្តីរីករាយជាអនេកប្បការ ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែល ២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយ លើពិភពលោកចំពោះការងារកំចាត់ជំងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផល ដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍នៅទូទាំងប្រទេសផងដែរ។ យើងក៏បានធ្វើការស្រាវជ្រាវ និងផ្តល់ការព្យាបាលជំងឺរបេងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលកិច្ចការនេះមានការរីកចម្រើនគួរឱ្យ កត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះ យ៉ាងខ្លាំង ធៀបនឹងប្រទេសដទៃ។ ជាក់ស្ដែង អត្រាស្លាប់ដោយសារជំងឺរបេងបានថយចុះក្នុងអត្រា ៤៥% ពី ៤២ករណី ក្នុងចំណោមប្រជាពលរដ្ឋ ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៣ករណី ក្នុង ចំណោមប្រជាពលរដ្ឋ ១០០ ០០០នាក់ ក្នុងឆ្នាំ២០២២។ រីឯករណីឆ្លងជំងឺរបេងថ្មីក៏បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ករណី ក្នុងចំណោមប្រជា ជន ១០០ ០០០នាក់ នៅឆ្នាំ២០២២ គឺបានថយចុះ ៤៥% ផងដែរ។ សមិទ្ធផលទាំងនេះបានអនុញ្ញាត ឱ្យកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារ ជំងឺរបេង នៅមុនកាលកំណត់ ៤ឆ្នាំ ហើយនេះគឺជាស្នាដៃមួយដែលមានប្រទេសតិចតួចប៉ុណ្ណោះនៅ លើសកលលោកអាចសម្រេចបាន។

ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ សម្ដេចធិបតី ហ៊ុន ម៉ាណត យល់ថា ការងារប្រយុទ្ធនឹងជំងឺរបេងនៅមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យយើងបង្កើនល្បឿននៃកិច្ចខិតខំ ប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមានូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និងសកលលោក។ ក្នុងស្មារតីនេះ យើងទាំងអស់គ្ន ចាំបាច់ត្រូវបន្តជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងជំងឺរបេង ប្រកបដោយស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព និងគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលជា អាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សំដៅរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល។
រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងរួម ចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ចប់ជំងឺរបេង ដោយយើងទាំងអស់គ្នារួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺ របេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប។
ដើម្បីឆ្លើយតបនឹងប្រធានបទនេះ ខ្ញុំសូមស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និង ប្រជាពលរដ្ឋ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារអាទិភាព ដូចខាងក្រោម៖
ទី១- បង្កើនល្បឿនអនុវត្តការងារប្រយុទ្ធនឹងជំងឺរបេង តាមផែនការជាតិ និងសកលលោក។ ទី២- ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការស្រាវជ្រាវស្វែងរកជំងឺរបេងប្រកបដោយស្មារតីបុរសកម្ម នៅតាមសហគមន៍ និងវត្តអារាម។
ទី៣- បន្តថែរក្សាអោយបានខ្ពស់នូវអត្រាព្យាបាលជោគជ័យនៃជំងឺរបេង ឱ្យបានលើស៩០%។ ទី៤- ខិតខំកៀរគរធនធានបន្ថែមទៀតសម្រាប់បម្រើឱ្យការងារប្រយុទ្ធនឹងជំងឺរបេង៕

អត្ថបទដែលជាប់ទាក់ទង