ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនបុរសចិនម្នាក់ ដែលវាយអ្នករត់តាក់ស៊ីម្នាក់ ឲ្យរបួស

52

រាជធានីភ្នំពេញ :បុរសជាជនជាតិចិនម្នាក់ត្រូវ​កម្លាំងអាវុធហត្ថខណ្ឌចម្ការមនឃាត់ខ្លួន បន្ទាប់ពីជិះរថយន្តតាក់ស៊ី រួចបង្កបញ្ហាដល់អ្នកបើកបរ ព្រមទាំងប្រើហិង្សាវាយអ្នករត់តាក់ស៊ី បណ្ដាលឱ្យរងរបួសផ្ទៃមុខ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្រោមអគារ THE BRIDGE សង្កាត់ទន្លេ បាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តតាក់ស៊ី បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកជនជាតិចិនបួនប្រាំនាក់ ក្នុងនោះមានជនដៃដល់ម្នាក់ គឺដឹកតាក់ស៊ីរបស់គាត់ ដែលមានម៉ាកតូយ៉ូតា ព្រូស ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 2BX-2900 ធ្វើដំណើរទៅកាន់អគារ THE BRIDGE ដែលជាទីតាំងកើតហេតុ។ លុះមកដល់គោលដៅ គាត់បានចតរថយន្តនៅក្បែរខឿនផ្លូវថ្មើរជើង បន្ទាប់ពីឈប់រថយន្តគិតលុយរួច ជនដៃដល់ម្នាក់ក្នុងចំណោមចិនទាំងប៉ុន្មាននាក់ទៀតក្នុងឡាន បានធ្វើសកម្មភាពបើកទ្វារឡានមួយទំហឹង បណ្ដាលឱ្យជ្រុលទៅប៉ះខឿនបង្កការខូចខាតដល់ទ្វារឡាន ។ ឃើញដូច្នេះ គាត់ក៏បានប្រាប់ទៅបុរសចិនម្នាក់នោះថា កុំបើកទ្វារខ្លាំងៗពេក ព្រោះវាអាចប៉ះទង្គិចខូចទ្វារឡានគាត់ ។

ម្ចាស់តាក់ស៊ីបានបន្ថែមថា និយាយរួច ស្រាប់តែជនជាតិចិនម្នាក់នោះទាញទ្វារបិទវិញ រួចបើកទ្វារម្ដងទៀតទាំងកម្រោល ក្នុងគោលបំណងផ្គើនម្ចាស់ឡាន ទើបគាត់ដើរចេញពីឡានសំដៅទៅរកជនជាតិចិនម្នាក់នោះ ក្នុងគោលបំណងនិយាយឲ្យច្បាស់ ស្រាប់តែត្រូវជនដៃដល់ម្នាក់នោះ ក្របួចកអាវគាត់ រួចដាល់គាត់២ដៃចំមុខ បណ្ដាលឲ្យរងរបួសតែម្ដង ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ដោយសារទីតាំងនេះ ជាទីប្រជុំជន ក្រោយប្រើហិង្សាទៅលើអ្នកបើកតាក់ស៊ី រូបភាពនេះក៏បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ រាយការណ៍ទៅកាន់កម្លាំងអាវុធហត្ថដើម្បីជួយអន្តរាគមន៍។ កម្លាំងអាវុធហត្ថខណ្ឌចម្ការមនបានចុះមកដល់ទីតាំង ស្រាប់តែជនជាតិចិនដៃដល់ម្នាក់ បានរត់គេចខ្លួនទៅពួន និងព្យាយាមបន្លំខ្លួនស្លៀកពាក់ឯកសណ្ឋានចុងភៅ ក្នុងផ្ទះបាយនៃហាងមួយកន្លែង ដែលមានស្លាកយីហោ HONG SHUANG XI ។

នៅក្នុងហេតុការណ៍នេះដែរ ក៏មានជនជាតិខ្មែរ ២ នាក់ បានចេញមកកោងជនជាតិចិននេះ រហូតទាស់សំដីគ្នាជាមួយកម្លាំងអាវុធខណ្ឌចម្ការមនផងដែរ ។

កម្លាំងអាវុធហត្ថបានចុះទៅឃាត់ខ្លួនជនជាតិចិនម្នាក់នោះដល់ក្នុងផ្ទះបាយនៃហាងនេះ ដោយពេលនោះ ជនដៃដល់ស្លៀកពាក់ឯកសណ្ឋានជាចុងភៅ ហើយក្នុងដៃមានកាន់កាំបិតបុ័ងតោថែមទៀតផង ទើបកម្លាំងអាវុធហត្ថប្រើប្រាស់កាំភ្លើងភ្ជង់ ដើម្បីឱ្យជនដៃដល់ដាក់កាំបិតចុះ និងចូលខ្លួនសហការជាមួយកងកម្លាំង ព្រមទាំងបញ្ជូនខ្លួនទៅកាន់ការិយាល័យអាវុធហត្ថខណ្ឌចម្ការមន ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង