ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជា សុមេធី ក្លាយជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាអាណត្តិទី៥ឆ្នាំ២០២២ ដល់ ២០២៦

19

 

ភ្នំពេញ៖លោក ជា សុមេធី រដ្ឋមន្តី្រក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានក្លាយជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បន្ទាប់ពីសមាជិកប្រតិបត្តិ ព្រមទំាងអ្នកខេត្ត មន្ទីរ តំណាងអាណព្យាបាល និងកីឡាករ-កីឡាការិនីស្ប៉េស្យាល់អូឡាំពិកបានបោះឆ្នោតជ្រើសរើសលោកជាប្រធានក្នុងមហាសន្តិបាតវិសាមបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ២០២៤របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាអាណត្តិទី ៥ ឆ្នាំ២០២២ដល់២០២៦ ។

មហាសន្តិបាតវិសាមគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាអាណត្តិទី ៥ ឆ្នាំ២០២២ ដល់២០២៦ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជា សុមេធី រដ្ឋមន្តី្រក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជានៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
អាណត្តិទី ៥ ឆ្នាំ២០២២ដល់២០២៦មានសមាជិកប្រតិបតិ្តចំនួន១៥ រូបរួមមាន៖លោក ជា សុមេធី ជាប្រធាន លោក សែម សុខា លោក សន សុផល លោក មាស សារិន អនុប្រធានអចិន្រៃ្ទយ៍ លោក ហឿន សុផុង អនុប្រធាន លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ លោក សាន់ រតនា អគ្គលេខាធិការរង លោក សើ ណារីត អគ្គលេខាធិការ លោក ចាប រតនា អគ្គហេរញ្ញិក លោកស្រី ហ៊ួយ ហ៊ួង លោក ឯម ហៀង លោក ងិន សុខគ្រវ៉ារ លោក មាស សារ៉េត លោក អ៊ុង សារ៉ាន់ លោក សឺន សុផារិទ្ធ លោកស្រី ផេង វ៉ាវី និងលោកស្រី អមរា។

លោក សែម សុខា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកចលនាកីឡាជនបញ្ញាខ្សោយនៅតាមបណ្តាខេត្តនានា។ ក្រៅពីនេះ យើងបាន សហការជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ពួកគាត់បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនមានពិការភាព។
ការវិវឌ្ឍនៅមានកម្រិត ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានជួយជំរុញ លើកទឹកចិត្ត និងជួយឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិក គ្រូបង្វឹក គ្រូបង្វឹកជំនួយ ដោយមានចែងក្នុងអនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការក្នុងការប្រកួតប្រជែងមុខជំនាញ ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្វឹក គ្រូបង្វឹកជំនួយ។

ម៉្យាងវិញទៀត តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតនូវផែនការយុទ្ធសាស្រ្ត៥ឆ្នាំរបស់ក្រសួង ដោយបានចាត់បញ្ចូលសុខុមាលភាព និងការស្តារលទ្ធភាពពលកម្ម ជាអាទិភាពមួយក្នុងចំណោមចំនុចអាទិភាពទាំង ៧ របស់ក្រសួង។ ហើយចំណុចអាទិភាពនេះ កំពុងតែអនុវត្តដោយសេនាធិការរបស់ក្រសួងគឺមូលនិធិជនពិការ និងនាយកដ្ឋានសុខុមាលភាពជនពិការ។

អត្ថបទដែលជាប់ទាក់ទង