ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងជំនាញព្រហ្មទណ្ឌ បំបែកសំបុកក្រុមចោរកាប់ប្លន់ម៉ូតូពីជនរងគ្រោះ នៅផ្លូវសបិត សង្កាត់ទន្លេបាសាក់

80

 

ភ្នំពេញ ៖ ដោយបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៩នាក់ ដែលពាក់ព័ន្ធករណីប្លន់យកម៉ូតូ បណ្តាលឱ្យរងគ្រោះចំនួន២នាក់ រងរបួស និងបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ទៀត ពីបទទទួលផលចោរកម្ម ដោយមានការសហការបង្ក្រាប ពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ មុនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ, អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ជនសង្ស័យបង្ក្រាបបានចំនួន១០នាក់ រួមមាន៖ ១៖ ឈ្មោះ ងួន សុផល អាយុ១៩ឆ្នាំ, ២៖ ឈ្មោះ ឆឺន ចរិយា អាយុ១៧ឆ្នាំ, ៣៖ ឈ្មោះ ជឹម សុវណ្ណលិ អាយុ១៦ឆ្នាំ, ៤៖ ឈ្មោះ សួន សំណាង អាយុ១៨ឆ្នាំ,
៥៖ ឈ្មោះ សុទ្ធ សក្កដា អាយុ១៦ឆ្នាំ, ៦៖ ឈ្មោះ ណែម ផានីត អាយុ១៩ឆ្នាំ, ៧៖ ឈ្មោះ ឈឿម យីណាន់ អាយុ១៩ឆ្នាំ, ៨៖ ឈ្មោះ សឿន រាម ភេទស្រី អាយុ១៨ឆ្នាំ, ៩៖ ឈ្មោះ គីន សុខហេង ភេទស្រី អាយុ១៨ឆ្នាំ និង១០៖ ឈ្មោះ សៀវ វ៉ូ អាយុ៣៦ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួននៅចំណុចបឹងកក់ចំនួន២នាក់ និងឃាត់នៅក្នុងកោះពេជ្រចំនួន៧នាក់ និងអ្នកទទួលទិញម្នាក់ នៅមុខផ្ទះជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ រហូតដល់ថ្ងៃទី២៩ ខែមីនានេះ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងដកហូតម៉ូតូជនរងគ្រោះ ម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ 1JV-9437 នៅម្តុំបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករាបានមកវិញ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកកាន់កាំបិតកែច្នៃចុះកាប់ជនរងគ្រោះ និងអ្នកយកម៉ូតូទៅលក់ឈ្មោះ ឆឺន ចរិយា និងឈ្មោះ សុទ្ធ សក្កដា និងជាអ្នកយកម៉ូតូជនរងគ្រោះរួចយកទៅលក់ឲ្យឈោ្មះ សៀវ វ៉ូ នៅម្តុំផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២៦ ខែមីនាបានលុយចំនួន៤៥០ដុល្លារ ហើយឈ្មោះ ឆឹន ចរិយា ចែកឲ្យឈ្មោះ សុទ្ធ សក្កដា ចំនួន៧០ដុល្លារ។ ខណៈបក្ខពួក៧នាក់ទៀត ជាអ្នកចុះទៅវាយលើជនរងគ្រោះ។

កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យទាំងអស់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង