ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ប្រទានព្រះរាជសារជូន ជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ

34

 

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានព្រះរាជសារជូន ជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ (ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤)។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា “សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅក្នុងឱកាសដ៏មហានក្ខត្តប្លក្សនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្ដែងនូវហប្ញទ័យសោមនស្សរីករាយ ឥតឧបមា សូមអបអរសាទរជាអនេកប្បការ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ ទាំងអស់ ជាទីស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត “។

អង្គព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ជាអភិលក្ខិតសម័យមួយទៀត តាមប្រតិទិនសុរិយគតិ ដែលជាឱកាសដ៏វិសេសវិសាលមួយ ប្រារព្ធឡើងដើម្បីឯកភាពនិងសាមគ្គីភាពរវាងនិកាយ ទាំងអស់នៃព្រះពុទ្ធសាសនា និងដឹកនាំពុទ្ធបរិស័ទគ្រប់និកាយ ត្រឡប់ទៅបតិបត្តិឱ្យបានខ្ជាប់ ខ្ជួនតាមពាក្យប្រៀនប្រដៅដើមដំបូងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងផ្សព្វផ្សាយ ព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ កាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើន ព្រះពុទ្ធសាសនា និងការកសាងសន្តិភាពនៅក្នុងសង្គមជាតិយើងផង និងនៅលើសកលលោក ទាំងមូលផង” ៕

 

អត្ថបទដែលជាប់ទាក់ទង