ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ ចោទប្រកាន់បុរសជនជាតិចិនម្នាក់ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃស្លាប់ និងរបួស

35

 

រាជធានីភ្នំពេញ: អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែ មេសា ឆ្នាំ ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់ជនជាតិចិនម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យអ្នកដទៃស្លាប់ និងរបួស នៅផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សនជ័យ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង២៣និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខអាហារដ្ឋានសេងលីប ផ្លូវជាតិលេខ៣ ប្រសព្វផ្លូវបេតុងវត្តជន្លុងម្លូ ភូមិព្រែកកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ កំពង់ស្ពឺ 2A-3960 ដែលបើកបត់ឆ្វេងនៅចំណុចផ្លូវបាត់សិទ្ធិ(មានផ្លាកសញ្ញាឈប់) ជាមួយរថយន្តមួយគ្រឿងទៀតម៉ាក ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2AS-B55B ដែលបើកបរលឿនលើសល្បឿនដែលច្បាប់កំណត់។

ហេតុការណ៍នេះ បណ្តាលឲ្យឈ្មោះ មុំ សុវណ្ណដា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាក HYUNDAI ស្លាប់បាត់បង់ជីវិត និងអ្នករួមដំណើរចំនួន២រូប មានឈ្មោះ មឿន សុខចំរុង ភេទប្រុស អាយុ១៤ឆ្នាំ និងឈ្មោះ វុយ បញ្ញា ភេទប្រុស រងរបួសស្រាល។

ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀងផ្ទាត់លើភស្តុតាងនានា តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ លើឈ្មោះ LI MINGXIA ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ដែលជាអ្នកបើកបររថយន្តម៉ាក ALPHARD ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដទៃស្លាប់ និងរបួស តាមបទប្បញ្ញត្តិមាត្រា ៨៣ និងមាត្រា ៨៥ នៃ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធី៕

អត្ថបទដែលជាប់ទាក់ទង