ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីប្រជុំដាក់ចេញជាផែន ការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ខណៈពួកគាត់ ចាកចេញពីលំនៅដ្ឋាន ដោយកម្លាំងត្រូវល្បាតក្នុងមូលដ្ឋាន ការពារចោរគាស់ផ្ទះ

41

 

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានប្រជុំដាក់ចេញផែនការយ៉ាងម៉ត់ចត់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅទីតាំងសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនិងការដាក់មម្លាំងល្បាតនិងដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះនិងពិនិត្យអាកុលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ។
ការបង្ហាញពីផែនការការពារនេះបានធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការងាររៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៩ មេសា ២០២៤ ក្រោមអធិបតីអភិបាលរងរាជធានី៤រូបមានឯកឧត្ដម កើត ឆែ ,ឯកឧត្ដម មាន ចាន់ យ៉ាដា ,ឯកឧត្ដមសុខ ពេញវុធ និងលោកជំទាវ កែវ សុខពិសី ជាអភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

កិច្ចប្រជុំនេះបានពិភាក្សាទៅលើបញ្ហាបច្ចេកទេសនិងអ្នកដែលត្រូវអនុវត្តការងារផ្ទាល់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយកម្លាំងទាំងអស់នឹងត្រូវអនុវត្តចាប់ផ្ដើមពីថ្ងៃ១១ខែមេសានេះ រហូតទៅដល់ថ្ងៃទី១៧ខែមេសា ដោយសារថា នៅថ្ងៃទី១១ខែមេសា បងប្អូនប្រជាពលរដ្ឋនឹងត្រូវចាកចេញពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត ដែលទាមទារឲ្យកងកម្លាំងទាំងអស់ត្រៀមទុកជាមុន។

ពាក់ព័ន្ធនឹងទីតាំងសង្ក្រាន្តវត្តភ្នំក៏ត្រូវបានរៀបចំឲ្យបានហ្មត់ចត់បំផុតផងដែរ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិបានចូលរួមលេងកំសាន្តនៅទីតាំងរមណីយដ្ឋានវត្តភ្នំនេះបានសប្បាយរីករាយ ទៅតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ដោយសម្តេចបានណែនាំឲ្យអាជ្ញាធររាជធានី ខេត្តត្រូវរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះឲ្យបានល្អបំផុតនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដើម្បីអោយប្រជាពលរដ្ឋយើងបានសប្បាយរីករាយ។

កិច្ចប្រជុំនេះក៏បានផ្ដោតសំខាន់ផងដែរ ទៅលើការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ខណៈពួកគាត់
ចាកចេញពីលំនៅដ្ឋាន ដោយកម្លាំងត្រូវល្បាតក្នុងមូលដ្ឋាន ការពារចោរគាស់ផ្ទះយកទ្រព្យសម្បត្តិ ដាក់កម្លាំងពិនិត្យអាវុធជាតិផ្ទុះនិងពិនិត្យជាតិអាកុល ជាមួយនឹងការណែនាំអោយប្រជាពលរដ្ឋចូលរួមបង្ការគ្រោះអគ្គីភ័យ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។
នៅតាមបណ្តាខណ្ឌដែលរៀបចំសង្ក្រាន្តត្រូវរក្សាសន្តិសុខនៅតាមទីតាំងពិធីអោយបានល្អដោយ អនុវត្តទៅតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញហើយបើខ្វះកម្លាំងត្រូវរាយការមករដ្ឋបាលរាជធានី សំខាន់អោយពិធីបុណ្យនេះដំណើរការទៅដោយរលូននិងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង