ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីណែនាំថា៖ ធ្វើយ៉ាងណាអោយព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌នៅពហុកីឡដ្ឋានជាតិអូឡាំពិកដំណើរទៅដោយរលូននិងជោគជ័យ

29

ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនឹងមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិចូលរួមទស្សនាផងដែរ។

  នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩មេសានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំមួយជាមួយកងកម្លាំងប្រដាប់អាវុធនិងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើយ៉ាងណាអោយព្រឹត្តិការណ៍បាល់ទាត់ខាងលើនេះដំណើរការទៅដោយរលូននិងទទួលបានជោគជ័យទាំងការរៀបចំសណ្តាប់ធ្នាប់និងការរក្សាសន្តិសុខ សុវត្ថិភាព ជាដើម។

  ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍អោយដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិភាក្សារៀបចំផែនការសំដៅធ្វើយ៉ាងណាអោយព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ខាងលើនេះដំណើរទៅដោយរលូននិងជោគជ័យ។ឯកឧត្ដមបញ្ជាក់ថា បើតាមគម្រោងព្រឹត្តិការណ៍នេះនិងមាន កម្មករ កម្មការនី យុវជន និស្សិតរាប់ម៉ឺននាក់ចូលទស្សនា ជាមួយនិងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ដែលកិច្ចការងារនេះទៀមទាអោយអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់និងចំណតជាដើម។

  ឯកឧត្តម បានបន្តទៀតថា គោលបំណងបង្កើតព្រឹត្តិការណ៍បាល់ទាត់នេះឡើងគឺដើម្បីរឹតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) ក្នុងការអប់រំផ្សព្វផ្សាយប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខៗផ្សេងទៀតដែលខុសច្បាប់ សីលធម៌សង្គម។ម្យ៉ាងទៀតដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីបទបញ្ជា ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់សុខភាពតាមរយៈព្រឹត្តិការណ៍ និងប្រមូលមូលនិធិសប្បុរសធម៌ជួយដល់ មជ្ឈមណ្ឌលជាតិប្រឆាំងគ្រឿងញៀន និងមន្ទីពេទ្យគន្ធបុប្ផា។ ក្នុងសេចក្តីផ្តើមគោលគំនិតនៃកម្រោងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព និងសង្គម ក្រោមមូលបទ “រួមគ្នា ដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន”៕

 

អត្ថបទដែលជាប់ទាក់ទង