ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត២០លានដុល្លារព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់

26

ភ្នំពេញ៖អគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យ បង្អែក ខេត្ត សៀម រាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវ នឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ ហើយ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារផ្តល់សេវាវះកាត់ ដែលមានឈ្មោះថា «អគារ មណ្ឌល ផ្តល់សេវាផ្នែកវះកាត់»នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គ រាជទូតជប៉ុនប្រចាំនៅ កម្ពុជា។

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យដើរតួនាទីផ្តល់សេវាសុខាភិបាល ដ៏ សំខាន់ ដែលត្រូវបានបើកទ្វារតាំងពីឆ្នាំ១៩២៩ ពេលកម្ពុជាស្ថិតនៅក្រោមអាណា និគម របស់បារាំង ហើយបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេល ជិត៤ឆ្នាំ។

មន្ទីរពេទ្យនេះ ត្រូវបានបើកដំណើរការឡើងវិញនៅក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខណៈដែលហេដ្ឋរចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារបម្រើដល់ការព្យាបាល ត្រូវ បានខូច ខ្ទេចខ្ទីអស់។ ក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន ព្រមទាំងមានការជួយគាំទ្រពីប្រទេសជាមិត្ត និងអង្គការ មនុស្សធម៌នានា មន្ទីរពេទ្យត្រូវបានអភិវឌ្ឍន៍ និងលើកកម្ពស់ការផ្តល់សេវាសុខា ភិបាលឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យ កាន់ តែមានគុណភាពខ្ពស់។

«អគារ មណ្ឌល ផ្តល់សេវាផ្នែកវះកាត់» ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ នឹងរួម ចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាន់តែល្អប្រសើរថែមទៀត។

«អគារ មណ្ឌល ផ្តល់សេវាផ្នែកវះកាត់» បាន ចាប់ ផ្តើមសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ អគារនេះមានកម្ពស់៤ជាន់ និងមានតួនាទីផ្តល់សេវាផ្សេងៗគ្នា។

ជាន់ផ្ទាល់ដី៖ ប្រើសម្រាប់ផ្តល់សេវាពិគ្រោះជំងឺក្រៅ, សេវាសង្គ្រោះបន្ទាន់, សេវារូបភាពវេជ្ជសាស្ត្រ, ផ្នែកគាំទ្រសេវា, ផ្នែកបោកគក់ និងបន្ទប់ដាក់ម៉ាស៊ីនភ្លើង។

ជាន់ទី១៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកប្រពោធកម្មវះកាត់, ផ្នែកសល្យាគារ និងសណ្តំ និងផ្នែកស្តេរីល និងគ្រប់គ្រងឧបករណ៍។

ជាន់ទី២៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រឆ្អឹងសន្លាក់ និងរបួសគ្រាំគ្រា និងផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់ក និងសល្យាសាស្ត្រមុខ និងថ្គាម។

ជាន់ទី៣៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រសរីរាង្គពោះ និងទ្រូង, ផ្នែកសល្យាសាស្ត្រប្រព័ន្ធម៉ូត្រសាស្ត្រ និងផ្នែកសល្យាសាស្ត្រប្រព័ន្ធប្រសាទ៕

អត្ថបទដែលជាប់ទាក់ទង