ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយប្រយុទ្ធគ្នា ផ្ទុះឡើងជាថ្មី នៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា

42

ក្រុងបាងកក៖ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងកម្លាំងរបបសឹកមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បានផ្ទុះឡើងសាជាថ្មីនៅក្បែរទីក្រុងដ៏សំខាន់មួយ ស្ថិតនៅជាប់ព្រំដែនថៃ នៅថ្ងៃសៅរ៍ ទី២០ ខែមេសានេះ ក្រោយស្ងប់ស្ងាត់បានមួយសប្ដាហ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងនៅជុំវិញទីក្រុង Myawaddy របស់មីយ៉ាន់ម៉ា ស្ថិតនៅជាប់ព្រំដែនថៃ កាលពីដើមខែមេសានេះ ហើយកងកម្លាំងរបបសឹកបានដកថយចេញពី ទីក្រុងនេះ។ ភាពស្ងប់ស្ងាត់មានរយៈពេលត្រឹមតែមួយសប្ដាហ៍ ដោយមិនមានសេចក្ដីរាយការណ៍ពីការវាយប្រយុទ្ធគ្នាទេ បើទោះជាអាស៊ានចេញសេចក្ដីថ្លែងការណ៍បង្ហាញពី ការព្រួយបារម្ភពីស្ថានការណ៍នៅមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ទី១៩ ខែមេសាកន្លងទៅក៏ដោយ។

អំឡុងការប៉ះទង្គិចគ្នាកាលពីដើមខែ ទាហានរបបសឹកមួយចំនួនបានរត់ទៅជ្រកកោននៅក្រោមស្ពានមួយ ដែលតភ្ជាប់ទីក្រុង Myadwaddy ទៅកាន់ទីក្រុង Mae Sot របស់ថៃ។ នេះបើតាមក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU)។ អ្នកនាំពាក្យ KNU ម្នាក់បានបញ្ជាក់ប្រាប់ AFP ថាកងកម្លាំងរបស់ខ្លួនកំពុង វាយប្រយុទ្ធគ្នាជាមួយកងកម្លាំងរបបសឹកក្នុងទីក្រុង Myawaddy ពិតមែន តែមិនបានបញ្ជាក់អ្វីលម្អិតឡើយ។ រហូតដល់ព្រឹកថ្ងៃសៅរ៍នេះ អង្គភាពយោធាថៃមួយឈរជើង នៅជាប់ព្រំដែនមីយ៉ាន់ម៉ា បានអះអាងថាការវាយប្រយុទ្ធគ្នា កំពុងកើតឡើង ដោយកងកម្លាំងមួយក្រុមកំពុងវាយប្រហារលើកងកម្លាំងរបបសឹកដែលកំពុងជ្រកកោន នៅក្រោមស្ពាន។

គួរបញ្ជាក់ថា Myawaddy គឺជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់របបសឹកមីយ៉ាន់ម៉ា ដែលមានទំហំពាណិជ្ជកម្ម ១.១ពាន់លានដុល្លារឆ្លងកាត់ក្នុងរយៈពេល១២ខែ គិតត្រឹមខែមេសានេះ៕

អត្ថបទដែលជាប់ទាក់ទង