ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដេញថ្លៃគម្រោង ជាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន

37

​ភ្នំពេញ៖ ការដេញថ្លៃគម្រោង គឺជាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ជាមូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតម្រូវការប្រជាពលរដ្ឋ។

  នេះជាការលើកឡើងរបស់លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាតំណាងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីដេញថ្លៃគម្រោងអភិវឌ្ឍន៍​​សង្កាត់ដែលប្រើប្រាស់ថវិកាមូលនិធិសង្កាត់របស់រាជរដ្ឋាភិបាលកម្ពុជានៅខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៣មេសានេះ នៅសាលាខណ្ឌទួលគោក ដែល

មានការចូលរួមពីលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោកផងដែរ។

  ក្នុងឱកាសនោះ ​លោកហួត ហៃ បានណែនាំថា 

រាល់​ការ​​សាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមាន​តម្លៃ​សម​ស្រប មិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង។ អ្នកចូលរួមទាំងអស់ ត្រូវតាមដាន និង​សង្កេត​ចំពោះលទ្ធផលនៃការដេញថ្លៃ និងបន្តតាមដានគុណភាពគម្រោង នៅពេលអនុវត្តគម្រោងរហូត​ដល់​ការ​អនុវត្តកិច្ចសន្យាគម្រោងត្រូវបានបញ្ចប់១០០%។ 

  បន្ថែមពីនេះ លោក ក៏បានណែនាំអោយក្រុមហ៊ុន / អ្នកទទួលការ ត្រូវគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់ក្រុមហ៊ុន/អ្នកទទួលការ ត្រូវស្គាល់ទីតាំង និងដឹងច្បាស់អំពីទំហំការងាររបស់គម្រោង

​ពិចារណាច្បាស់លាស់មុននឹងដាក់តម្លៃដេញថ្លៃ

​ក្រោយពីការដេញថ្លៃបាន ត្រូវគោរពនីតិវិធីនៃកិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង

​មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោងរហូត ដល់​ពេលបិទការដ្ឋាន។

 គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជាពិសេសគឺការពិនិត្យផ្តល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ ។

  លោកហួត ហៃក៏បានណែនាំអោយក្រុមហ៊ុន /អ្នកទទួល​ការ​គម្រោងអភិវឌ្ឍន៍សង្កាត់ ដែលដេញថ្លៃគម្រោងបានឈ្នះត្រូវរួសរាន់ចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយសង្កាត់ និងបន្ទាប់ពីបានចុះកិច្ចសន្យារួច ត្រូវ​អនុវត្តតាមផែនការសកម្មភាពការងារអោយបានច្បាស់លាស់​។ គម្រោងនីមួយៗត្រូវមានមេការប្រចាំការ មានសៀវភៅតាមដានការដ្ឋាន ជាពិសេសក្នុងការ​អនុវត្តគម្រោងត្រូវធានាបានគុណភាព បទដ្ឋានបច្ចេកទេស និងសោភ័ណភាព។ អនុវត្តគម្រោងឱ្យទាន់ពេលវេលាកំណត់ និងរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការដ្ឋាន។ ចំពោះសាលាខណ្ឌ សាលាសង្កាត់ និងគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់​ ត្រូវជូន​ដំណឹ​ង​​ដល់បណ្តាអង្គភាពពាក់ព័ន្ធ ពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគម្រោង ដើម្បី​ចូលរួម​សហ​កា​រ និងត្រូវតាមដាន ត្រួតពិនិត្យ ការអនុវត្តគម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឱ្យគម្រោង​សង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីណែនាំ​បាន​កំណត់៕

 

អត្ថបទដែលជាប់ទាក់ទង