ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម វ៉ាង យី អ្នកការទូតជាន់ខ្នពស់ចិនចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្កា រយៈពេល៣ថ្ងៃ

27

ភ្នំពេញះ ឯកឧត្ដម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យ គណៈ កម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរនោះ បានចាកចេញពីប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយផ្លែផ្ការយៈពេល៣ថ្ងៃ។
ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្ដម វ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកក៏បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី ៧ ជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងបានអញ្ជើញជួប ប្រជុំទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ផងដែរ។
បើតាម សេចក្តីប្រកាសរួមកម្ពុជា-ចិន ស្តីពីដំណើរទស្សនកិច្ចនេះ បានឱ្យដឹងថា អំឡុងទស្សនកិច្ចរបស់លោក វ៉ាង យី ភាគីទាំងពីរបានឯកភាពគ្នាថា កម្ពុជា និងចិនគឺជាមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក។ ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ លោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅនិងជាក់ស្តែង, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្គរ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពធ្វើអានុភាវូបនីយកម្មតួនាទីសម្របសម្រួលរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងរួមគ្នាជំរុញពហុភាគីនិយម និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍រួមប្រកបដោយសេរី, បើកចំហ, សមភាព និងបរិយាបន្ន។
ភាគីចិនបានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រ ចំពោះជម្រើសរបស់កម្ពុជាលើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ, គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍផ្ទៃក្នុងរបស់កម្ពុជា 
ព្រមទាំងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការភាគីកម្ពុជាក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថាសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ប្រទេសចិន។ កម្ពុជា
ប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់, គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ, និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការលើកកម្ពស់ការចូលរួមកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ ប្តូរការងារស្តីពីអភិបាលកិច្ច។ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ, បន្តធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាមានជាអាទិ៍សេវាសុខាភិបាល និងភស្តុភារកម្ម, ការបណ្តុះបណ្តាលបុគ្គលិក និងការបោសសម្អាតមីន, ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត, ការក្លែងបន្លំតាមទូរគមនាគមន៍, និងការជួញដូរគ្រឿងញៀន។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្សំគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យកាន់តែស៊ីជម្រៅ, ពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា, ជំរុញការរៀបចំផែនការគោល និងការរៀបចំផ្លូវដែកកម្ពុជា-ចិន, និងផ្តល់មជ្ឈ មណ្ឌលធ្វើនិទស្សន៍កសិកម្មចិន និងគម្រោងប្រមូលផលដើមដៃផ្សេងទៀតនៃច្រករបៀងមច្ឆា និងអង្គរ និងធ្វើ ឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ ភាគីទាំងពីរ នឹងធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់, ជំរុញ ការនាំចូលផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសចិន, និងលើកទឹកចិត្តឱ្យធុរជនចិនមកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន។
ភាគីទាំងពីរបានឯកភាពក្នុងការឆ្លៀតចាប់យកកាលានុវត្តភាពនៃ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” ជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ, បង្កើនជើងហោះហើរទ្វេទិសប្រកបដោយ សណ្តាប់ធ្នាប់, គាំទ្រកម្ពុជាក្នុងការប្រើប្រាស់ឱ្យអស់ពីសក្តានុពលនៃធនធានទេសចរណ៍ និងធនធានរបស់ ខ្លួន, និងដាក់ចេញបន្ថែមនូវការផ្លាស់ប្តូររវាងយុវជន, ប្រជាជនមូលដ្ឋាន និងក្រុមមិត្តភាព។ ទន្ទឹមនេះ កម្ពុជា នឹងគាំទ្រដល់ការបើកដំណើរការឡើងវិញនូវមជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជា។
ភាគីទាំងពីរបានបានបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្រោម ក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល, គំនិតផ្តួចផ្តើមសន្តិសុខសកល, និងគំនិតផ្តួចផ្តើមអារ្យធម៌ សកល, ព្រមទាំងបង្កើនការសម្របសម្រួលបន្ថែមទៀតនៅក្នុងវេទិកានានាដូចជា៖ កិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ភាគីទាំងពីរបានឯកភាពក្នុងការបម្រើផលប្រយោជន៍រួម របស់ប្រទេសក្នុងតំបន់ដើម្បីការពារសន្តិភាព និងស្ថិរភាពដែលរកបានដោយលំបាក និងជំរុញការអភិវឌ្ឍ និង វិបុលភាពនៅក្នុងតំបន់។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការអនុវត្តយ៉ាងពេញលេញ និង ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) សម្រាប់ការសន្និដ្ឋានជា ជំហានដំបូង។
ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមានហេដ្ឋារចនាសម្ព័ន្ធ, អធិការកិច្ច, និងចត្តាឡីស័ក។ ភាគីទាំងពីរបានចូលរួមពិធីប្រកាស និងផ្សព្វផ្សាយសៀវភៅស្តីពីប្រពៃណីរបស់កម្ពុជាជាខេមរភាសា ដែលបានបកប្រែពីភាសាចិន និងពិធីសម្ពោធការនាំចេញផ្លែដូងស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង