ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួប អនុរដ្ឋមន្រ្តីការ បរទេសនៃសាធារណរដ្ឋហ្វីជី ដើម្បីស្វែងរកគាំទ្រក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញាអូតាវ៉ា

25

ទីក្រុងបាងកក ៖ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Lenora Qereqeretabua អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីជី កាលពីថ្ងៃទី២៣ ខែមេស ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP ក្រុងបាងកក ប្រទេសថៃ ដើម្បីស្វែងរកការគាំទ្រក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ក្នុងខណៈ កម្ពុជាកំពុងធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែល និង ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។
ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីគោលដៅអាទិភាពចំនួន ០៣ របស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ រួមមាន ការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កិច្ចការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។ ក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា .កម្ពុជា កំពុងស្វែងរកគាំទ្រ និងកៀរគរបណ្ដាប្រទេសដែលពុំទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា ឱ្យចូលរួមជារដ្ឋភាគី ក្នុងនោះមានប្រទេសចំនួន ០៣ រួមមាន តុងហ្កា ម៉ាក្រូណេស៊ី និងកោះម៉ាស្យល ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ផងដែរ។ ជាមួយគ្នានេះ កម្ពុជា មានបំណងកៀរគរប្រទេសទាំង ៣ នេះ ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូលជាតំបន់គ្មានមីន ដែលកិច្ចការនេះត្រូវការគាំទ្រពីប្រទេសហ្វីជី ក្នុងការបញ្ចុះបញ្ចូល និងកៀរគរប្រទេសទាំងបីឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណ ដល់ប្រទេសហ្វីជី ដែលបានផ្តល់ការគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាមនុស្សធម៌ ក្នុងការលប់បំបាត់ទុក្ខវេទនាដោយសារមីនប្រឆាំងមនុស្ស។ ក្នុងនាមតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញថ្នាក់ដឹកនាំ នៃសាធារណរដ្ឋហ្វីជី ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទឹកដីខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
ជាការឆ្លើយតប លោកជំទាវ Lenora Qereqeret abua បានមានប្រសាសន៍ថា ប្រទេសហ្វីជី ស្វាគមន៍ចំពោះសំណើរបស់កម្ពុជា ដើម្បីធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកទាំងមូលគ្មានមីន ព្រមទាំងសម្តែងនូវការគាំទ្រភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ផងដែរ ៕
ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង