ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តកំពង់ចាម

34

កំពង់ចាម៖ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញបំពាក់ឋានន្តរស័ក្តិជូនដល់លោក ថេង ឆេងលីម និងប្រកាសចូលកាន់មុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ សោ សាវឿន ដែលប្តូរទៅទទួលការងារថ្មី ជាមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី។
ពិធីនេះធ្វើឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធជាច្រើនទៀត។
ក្នុងឱកាសនោះ ឯកឧត្ដមអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងការកោតសរសើរនាយទាហាន នាយទាហានរង និងពលអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដឹកនាំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស គោរពតាមគោលការណ៍ច្បាប់បទបញ្ជា ក្រមសីលធម៌ វិជ្ជាជីវៈ។
នាយទាហាន ពលទាហានរង និងពលអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបំពេញតួនាទីភារកិច្ចប្រកបដោយភាពស្មោះត្រង់ លះបង់ មានឆន្ទៈខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយមោទនភាព។ 

ឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលក្នុងការបំពេញតួនាទី ដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្ត សម្រេចបាននូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងអាណត្តិរបស់ខ្លួនកន្លងមក។
ក្នុងឱកាសនោះឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា បានផ្ដាំផ្ញើដល់កម្លាំងអាវុធហត្ថទាំងអស់ សូមឈរនៅទីខ្ពស់ សម្លឹងឱ្យបានឆ្ងាយ និងពិនិត្យមើលឱ្យបានច្បាស់នូវប្រភព នៃបញ្ហា ដែលបានកើតឡើងនៅលើពិភពលោក ក៏ដូចជា ក្នុងតំបន់ និងភ្ជាប់មកជាមួយប្រទេសកម្ពុជារបស់យើង ដើម្បីធ្វើការពិចារណាឲ្យបានជ្រះថ្លា ដើម្បីកសាងនូវកម្លាំងរួមមួយ ពោលគឺ មហាសាមគ្គីប្រជាជាតិទាំងមូល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយបន្តថែរក្សាសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់ ជំរុញការអភិវឌ្ឍប្រទេស ឆ្ពោះទៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន និងកសាងប្រទេសកម្ពុជាឲ្យបានជឿនលឿន បន្ថែមទៀតសម្រាប់ថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង