ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖ បុរសចូលនិវត្តន៍ម្នាក់និងកូនប្រុសសម័យទំនើបចាញ់ប្រាជ្ញាឪ

57

  ភ្នំពេញ៖បន្ទាប់ពីធ្វើការជាង៣០ឆ្នាំរួចមកបុរសម្នាក់បានដល់អាយុចូលនិវត្តន៍។ថ្ងៃមួយគាត់បានឲ្យកូនប្រុសគាត់ជូនទៅធនាគារ ដើម្បីវេរប្រាក់។

      កូនប្រុសគាត់បានសម្ដែងនូវភាពធុញទ្រាន់យ៉ាងខ្លាំងហើយបានរអ៊ូរទាំថា«ប៉ាអើយប៉ាតើហេតុម្ដេចបានជាប៉ាមិនបើកប្រព័ន្ធវេរប្រាក់ធនាគារតាមទូរស័ព្ទស្មាតហ្វូនទៅ»?គាត់ក៏បានសួរបញ្ច្រាសទៅវិញថា៖«តើហេតុផលអ្វីដែលប៉ាត្រូវបើកប្រព័ន្ធស្អីគេនោះ អ្ហាស? »កូនប្រុសឆ្លើយដោយទឹកមុខធុញទ្រាន់ថា៖ប្រព័ន្ធនោះទំនើបហើយងាយស្រួលគឺប៉ា«មិនចាំបាច់មកធនាគារហើយចំណាយពេលវេលាអង្គុយសំកុកចាំឡើងចុកខ្នងចុកចង្កេះដូចនេះឡើយរួចប៉ាអាចទិញទំនិញនានាដោយមានគេដឹកជញ្ជូនដល់ផ្ទះ ហើយប៉ាអាចទូទាត់ប្រាក់តាមអនឡាញយ៉ាងងាយស្រួលទៀតផង!»។

      បុរសចំណាស់នោះសម្លឹងមើលទៅមុខរបស់កូនប្រុស ហើយសួរថា៖« បើធ្វើបែបនេះ ប៉ាមិនចាំបាច់ចេញពីផ្ទះទេឬ? “កូនប្រុសញញឹម ហើយវាងក់ក្បាលញាប់ដូចជាបង្កួយ រួចឆ្លើយថា៖

«បាទ ត្រូវហើយប៉ា គឺប៉ាអាចទិញអ្វីៗគ្រប់បែបយ៉ាងបានតាមទូរស័ព្ទណាប៉ា!»

      បុរសចូលនិវត្តន៍រូបនោះបង្ហាញអាការៈមិនសប្បាយចិត្តហើយបន្លឺថា៖«គ្រាន់តែប៉ាដើរចូលមកធនាគារប៉ាបានជួបនិងសាកសួរសុខទុក្ខមិត្តចាស់របស់ប៉ាចំនួនបួននាក់ រួចប៉ាបានជជែកលេងជាមួយបុគ្គលិកធនាគារជាច្រើននាក់ ដែលស្គាល់ប៉ា…បុរសនោះបន្តថា«កូនដឹងទេថា រាល់ថ្ងៃនេះ ប៉ានៅតែផ្ទះ មានអារម្មណ៍ឯកោណាស់អ្នកទាំងអស់នេះ គឺជាគូកនរបស់ប៉ាដែលប៉ាត្រូវការចង់ជួបហើយប៉ាចង់មកធនាគារដើម្បីប៉ាបានប្រស្រ័យទាក់ទងជាមួយពួកគេ ណាកូន…តើកូនដឹងឬទេថា កាលពីពីរឆ្នាំមុន នៅពេលដែលប៉ាឈឺ ម្ចាស់ហាងលក់ផ្លែឈើ បានមកមើលប៉ាដល់ផ្ទះ ហើយគាត់អង្គុយយំអាណិតប៉ា…។

         ប៉ាចង់រាប់អានមនុស្សទាំងឡាយ មិនមែនត្រឹមតែជាអ្នកលក់និងអ្នកទិញប៉ុណ្ណោះទេ គឺវាជាទំនាក់ទំនងនៃការរាប់អានគ្នាដ៏ស្មោះស្ម័គ្រ…តើក្រុមហ៊ុនលក់អនឡាញអាចមានដឹកជញ្ជូនចែកចាយ នូវសេចក្ដីរាប់អានដូចនេះដែរឬទេ?

ឱកូនប្រុសម្លាញ់ចិត្តប៉ាអើយបច្ចេកវិទ្យាគឺមិនមែនជារសជាតិដែលជីវិតពិតត្រូវការនោះទេ …វាក៏មិនមែនជាមនោសញ្ចេតនា ដែលបេះដូងនៃនិវត្តជនត្រូវការនោះដែរ។

        សូមកូនចំណាយពេលជាមួយមនុស្សដែលកូនស្រឡាញ់…កុំចំណាយពេលជាមួយទូរស័ព្ទឬកុំព្យូទ័រ…ឬអនឡាញ…ព្រោះមនុស្សដែលកូនស្រឡាញ់នឹងប្រាកដជាចាកចេញចោលកូននៅថ្ងៃមួយណានោះជាមិនខាន ហើយមិនវិលវិញទេ …រីទូរស័ព្ទ ឬកុំព្យូទ័រក៏នឹងចាកចេញដែរ តែវានឹងវិលមកវិញ នូវស៊េរីថ្មីមួយដែលកាន់តែទំនើប…៕

អត្ថបទដែលជាប់ទាក់ទង