ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ជិត៣ពាន់បានជួបសំណេះសំណាលផ្ទាល់ជាមួយឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី នៅលើទឹកដីនៃខេត្តសៀមរាប

27

សៀមរាប៖នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ ខេត្តសៀមរាប។

អញ្ជើញអមដំណើរប្រធាន និងមានវត្តមានក្នុងពិធីនេះរួមមានឯកឧត្ដមទៀ សីហា ឯកឧត្ដមសុះ មុះសិន អនុប្រធានស.ស.យ.ក. សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណៈដឹកនាំចលនាយុវជនគ្រឹះស្ថានឧត្តមសិក្សា ប្រចាំសាកលវិទ្យាល័យសៅស៍អ៊ីសអេយសៀ និងសមាជិក សមាជិកាចូលរួម ចំនួន២,៥០០នាក់។

យោងរបាយការណ៍លោកបណ្ឌិត សៀន សុវណ្ណា សាកលវិទ្យាធិការ និងជាប្រធានក្រុមការងារ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ បានឲ្យដឹងថា ដោយមានការយល់ច្បាស់ពីបុព្វហេតុ និងបេសកកម្មរបស់ ស.ស.យ.ក ពីសំណាក់គណៈដឹកនាំចលនាយុវជន នាំឲ្យសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតក្នុងសាកលវិទ្យាល័យស្ម័គ្រចិត្តចូលរួមជាសមាជិក ដែលគិតត្រឹមបច្ចុប្បន្ន សមាជិក សមាជិកាបានកើនដល់៤,០០០នាក់។ ជាងនេះទៅទៀត សមាជិក សមាជិកាទាំងអស់បានប្តេជ្ញាចូលរួមជាមួយ ស.ស.យ.ក. ដើម្បីក្លាយខ្លួនជាសសរទ្រូងប្រទេសជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

មានមតិទៅកាន់សមាជិក សមាជិកាទាំង២,៥០០នាក់ ឯកឧត្ដមហ៊ុន ម៉ានី បានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយ ដែលបានឃើញកំណើនសមាជិកជាលំដាប់។ ឯកឧត្ដមសូមកោតសរសើរដល់ ថ្នាក់ដឹកនាំក្រុមការងារ ស.ស.យ.ក. ដែលបានយកចិត្តទុកដាក់ បង្កបរិយាកាស និងប្រមូលផ្តុំយុវជនដែលមានឆន្ទៈចង់ចូលរួមការងារសង្គមជាមួយ ស.ស.យ.ក.។

នាឱកាសនៃការជួបជុំដ៏មានអត្ថន័យនេះ ឯកឧត្ដមប្រធានបានធ្វើការចែករំលែកបទពិសោធន៍ និងទស្សនៈល្អៗ ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ការហាត់ពត់លុតដំ បណ្តុះស្មារតី និងបំណិនជីវិតល្អៗជាច្រើនដែលសមាជិក សមាជិកា ស.ស.យ.ក. អាចរៀនសូត្រ ក្រេបជញ្ជក់បានពីការងារស្ម័គ្រចិត្តជាមួយ ស.ស.យ.ក.។

សូមបញ្ជាក់ថា នាពិធីសំណេះសំណាលនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានបើកឱកាសឲ្យ សមាជិក សមាជិកា បានសាកសួរ និង សូមអនុសាសន៍ល្អៗ ប្រកបដោយភាពស្និទស្នាលជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង