ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យស័្មគ្រចិត្តបារាំង ចុះព្យាបាលលើជំងឺសើស្បែក កុមារ មនុស្សចាស់ បេះដូង ភ្នែក និងផ្លូវចិត្តជូនពលរដ្ឋ ១,២០០នាក់ ដោយឥតគិតថ្លៃនៅខេត្តត្បូងឃ្មុំ

29

ត្បូងឃ្មុំ៖ក្រោមគំនិតផ្តួចផ្តើមឡើង និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា និងឯកឧត្ដមជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ក្រុមគ្រូពេទ្យស្មគ្រចិត្តបារាំង ដឹកនាំដោយ លោក តាន់ វុដ្ឋា ទីប្រឹក្សា លោក សុក ផាណា និងលោក Perruchet Phillipe នាយកក្រុមហ៊ុន Bioderma រួមនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង បានចុះពិនិត្យ ពិគ្រោះ និងព្យាបាលលើជំងឺសើស្បែក ជំងឺកុមារ និងមនុស្សចាស់ បេះដូង ភ្នែក និងផ្លូវចិត្ត ជូនប្រជាពលរដ្ឋចំនួន ១,២០០នាក់ (ស្រី ៦៥៦នាក់) ដោយឥតគិតថ្លៃ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បន្ថែមលើនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ក៏បានចែកច្រាស់ដុះធ្មេញ ថ្នាំដុះធ្មេញ និងសំលៀកបំពាក់មួយចំនួន ជូនដល់កុមារា កុមារី សរុបចំនួន ៤៤៤នាក់ ផងដែរ។

ការចុះពិនិត្យព្យាបាល និងចែកថ្នាំជូន ដោយឥតគិតថ្លៃនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក និន សុទ្ធីវង្ស, លោក នេត សេរី, លោកបណ្ឌិត ហេង គឹមអ៊ាន និងលោកវេជ្ជបណ្ឌិត ហួត គា ទីប្រឹក្សាឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ប្រមាណជិត ៥០នាក់ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ការងារមនុស្សធម៌ លើវិស័យសុខាភិបាលនេះ គឺបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញារមូលដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បានជួយសម្រួលនូវបន្ទុកសេវាចំណាយ របស់ពួកគាត់បានមួយកម្រិតផងដែរ។

សកម្មភាពចុះពិនិត្យ ព្យាបាលនេះ បានស្តែងឱ្យឃើញ ពីការគិតគូយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដោយតែងបានជំរុញឱ្យមន្រ្តីថ្នាក់ក្រោម ត្រូវយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

នេះជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនា ក្នុងសហគមន៍តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ ព្រោះថាបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ទន្ទឹមនោះបន្ទាប់ពីទទួលបានសេវាពិនិត្យ ព្យាបាល និងចែកថ្នាំជូន ដោយឥតគិតថ្លៃ ប្រជាពលរដ្ឋទាំងអស់ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារទាំងអស់ សូមជួបតែសេចក្តីសុខកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង