ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ

41

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងប្រជាពលរដ្ឋកម្ពុជាដែលរស់នៅលើពិភពលោកទាំងអស់ ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងបម្រើដល់ផលប្រយោជន៍ជាតិ។

ការថ្លែងអំណរគុណរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណសាជាថ្មី ដល់ពលរដ្ឋកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋកម្ពុជារស់នៅទូទាំងពិភពលោក ដែលបានចេញសារគាំទ្រនូវគម្រោងប្រវត្តិសាស្រ្ដ ព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិមួយនេះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា ព្រែកជីកហ្វូណន-តេជោ បានភ្ជាប់ដង្ហើមកសិករនៅខេត្តក្រចេះ តាមបណ្ដោយទន្លេសាប ដើម្បីដឹកទំនិញចេញមកក្រៅ ចំណែកទំនិញនាំចូលពីពិភពលោក ហើយត្រូវនាំចូលទៅកាន់ក្រុងភ្នំពេញ ឬទៅកាន់ខេត្តក្រចេះ នៅថ្ងៃក្រោយយើងអាចដឹកតាមព្រែកជីហ្វូណន-តេជោនេះបាន។

សម្ដេចធិបតីបានបន្ថែមថា ក្រៅពីនេះគម្រោងព្រែកជីកហ្វូណន-តេជោ បានផ្ដល់សារៈសំខាន់ សម្រាប់ទេសចរណ៍ចូលមកកាន់កម្ពុជា ថ្ងៃក្រោយនៅពេល Cruise line (ក្រុមហ៊ុននាវាចរណ៍) ចូលមកកាន់កម្ពុជា អាចឲ្យទេសចរណ៍បន្ដដំណើរទៅកាន់ក្រុងភ្នំពេញប ន្ដដំណើរទៅកាន់ក្រុងសៀមរាប ទៅលេងអង្គរវត្តតាមផ្លូវទឹកបាន ក៏ព្រោះថា ប្រសិនបើនាវាទេសចរណ៍ចូលចតភាគច្រើននៃទេសចរណ៍ ពុំសូវនៅលេងកំសាន្ដយូរនោះទេព្រោះថា ពួកគាត់បានធ្វើដំណើររយៈពេលយូរ និងបានដើរកំសាន្ដតាមផែរ តាមឆ្នេរសមុទ្រ តាមបណ្ដាប្រទេសផ្សេងៗក៏ច្រើនផងដែរ បច្ចុប្បន្នយើងអាចធ្វើដំណើរពីភ្នំពេញ ទៅកាន់អង្គរវត្តមានកាណូតល្បឿនលឿន តែផ្លូវទឹកមកក្រុងព្រះសីហនុពុំមាននោះទេ ដូច្នេះប្រសិនបើថ្ងៃក្រោយយើងអាចភ្ជាប់ពីក្រុងព្រះសីហនុទៅបាននោះគឺល្អ ហើយយើងនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ ដែលបានចូលមកកាន់កម្ពុជានៅបានរយៈពេលយូរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា គុណភាពទេសចរណ៍មិនសម្ដៅលើបរិមាណដែលមាននោះទេ ប៉ុន្ដែគិតទាំងចំនួនថ្ងៃដែលទេសចរណ៍បានស្នាក់នៅ ដូច្នេះប្រសិនបើទេសចរណ៍នៅកាន់តែយូរកាន់តែល្អ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់ សមុទ្រ របស់កម្ពុជា ដោយ ឆ្លង កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ ទុន ប្រមាណ ១,៧០០លាន ដុល្លារ អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕

អត្ថបទដែលជាប់ទាក់ទង