ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងព្រែកជីកហ្វូណន-តេជោនឹងបង្កើត ការងារជូនពលរដ្ឋខ្មែរយ៉ាងតិច១ម៉ឺននាក់ ព្រមទាំងអ្នកបច្ចេកទេសខ្មែរខ្លះដែរ

85

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោនឹងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងតិច១ម៉ឺននាក់ ព្រមទាំងអ្នកបច្ចេកទេសនៃក្រសួង ស្ថាប័នរបស់កម្ពុជាខ្លះដែរ ហើយនេះជាឱកាសចូលរួមកសាងស្នាដៃធំធេងក្នុងប្រវត្តិសាស្ត្រជាតិ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់បែបនេះគឺក្នុងសន្និសីទសារព័ត៌មានមួយក្នុងគោលបំណងពន្យល់ និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា គម្រោងព្រែកជីកហ្វូណន-តេជោនឹងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងតិច១ម៉ឺននាក់ ទាំងការងារសាងសង់ ទាំងការងារផ្សេងៗ ព្រមទាំងអ្នកបច្ចេកទេសនៃក្រសួង ស្ថាប័នរបស់កម្ពុជាខ្លះដែរ ហើយនេះជាឱកាសចូលរួមកសាងស្នាដៃធំធេងក្នុងប្រវត្តិសាស្ត្រជាតិសម្រាប់ពួកគេ។

ឯកឧត្ដមថ្លែងយ៉ាងដូច្នេះថា «ទាំងការងារសាងសង់ ទាំងការងារផ្សេងៗនឹងផ្ដល់ការងារដល់កម្មករប្រមាណ១ម៉ឺននាក់ ភាគច្រើនជាងជនជាតិខ្មែរ ខាងចិនភាគច្រើនតែអ្នកបច្ចេកទេសនោះទេ ចិនមិនអាចចំណាយប្រាក់ដឹកកម្មកររាប់ម៉ឺននាក់ ចំណាយថ្លៃធ្វើដំណើរ ថ្លៃស្នាក់នៅច្រើននោះទេ»

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា គម្រោងនេះក៏ត្រូវការអ្នកជំនាញបច្ចេកទេសខ្មែរច្រើនដែរ ដូចជានៅក្រសួងសាធារណការនិងដឹកជញ្ជូនមានអ្នកជំនាញផ្នែកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែដែរ ដូច្នេះពួកគេនឹងចូលរួមអនុវត្តគម្រោងស្នាដៃជាប្រវត្តិសាស្ត្រនេះ។

បើតាមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការសាងសង់គម្រោងព្រែកជីកហ្វូណន-តេជោនេះ ត្រូវចំណាយពេល៤ឆ្នាំចាប់ពីឆ្នាំ២០២៤ ឬឆ្នាំ២០២៥។

គួរជម្រាបថា គម្រោងព្រែកជីកហ្វ៊ូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ ពោលព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំង អាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាមបណ្តា ខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។

គម្រោងព្រែកជីកនេះដែរគឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រ របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង សរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុន ប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ៕

អត្ថបទដែលជាប់ទាក់ទង