ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ័យខ្លាចរុស្សី!អង្គការ NATO ធ្វើសមយុទ្ធបង្ហាញពីការរៀបចំសម្រាប់ជម្លោះដែលអាចកើតឡើងជាមួយរុស្ស៉ី

57

ក្រុងមូស្គូ៖អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បាននិយាយនៅថ្ងៃសៅរ៍នេះថា សមយុទ្ធយោធារបស់អង្គការណាតូ (NATO) នៅជិតព្រំដែនរបស់រុស្ស៉ីរយៈពេល ៤ខែមកនេះ សបញ្ជាក់ឱ្យឃើញថាបក្សសម្ព័ន្ធយោធាកំពុងរៀបចំសម្រាប់ជម្លោះដែលអាចកើតមានជាមួយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ ២០២៤។

លោកស្រី Zakharova បានគូសបញ្ជាក់ថា «ពេលនេះ សមយុទ្ធ Steadfast Defender 2024 ដ៏ធំបំផុតរបស់អង្គការណាតូ ចាប់តាំងពីសម័យសង្គ្រាមត្រជាក់ កំពុងធ្វើឡើងនៅក្បែរព្រំដែនរុស្ស៉ី។ តាមសេណារីយ៉ូរបស់ពួកគេ សកម្មភាពរបស់ក្រុមចម្រុះប្រឆាំងរុស្ស៉ី ត្រូវបានអនុវត្តដោយប្រើសម្ភារៈយោធាគ្រប់ប្រភេទទាំងអស់»។

    លោកស្រី Zakharova បានបន្ថែមថា «យើងត្រូវតែទទួលស្គាល់ ថាណាតូ ពិតជាត្រៀមលក្ខណៈសម្រាប់ជម្លោះដែលអាចកើតមានជាមួយយើង»។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងលោកខាងលិច បានធ្លាក់ចុះខ្លាំង ក្រោយរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន។ ក្នុងការប្រកាសចាប់ផ្តើមធ្វើសមយុទ្ធ កាលពីខែមករា អង្គការណាតូថា ទាហានចំនួន ៩០,០០០នាក់ត្រូវចូលរួមហាត់សមពីរបៀប ដែលទាហានអាមេរិកអាចការពារសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងប្រទេសជាប់ព្រំដែនជាមួយរុស្ស៉ី និងនៅឯប៉ែកខាងកើត ប្រសិនបើជម្លោះផ្ទុះឡើង។ សមយុទ្ធនេះគ្រោងដំណើរការហូតដល់ខែឧសភា៕

អត្ថបទដែលជាប់ទាក់ទង