ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សស្លាប់កើនដល់៦៦នាក់ និងជាង១០០នាក់បាត់ខ្លួន នៅភាគខាងត្បូងប្រទេសប្រេស៉ីល ដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ

48

ប្រាស៉ីលីយ៉ា៖ អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានជន់លិចរដ្ឋ Rio Grande do Sul នៅភាគខាងត្បូងប្រទេសប្រេស៊ីល បានកើនឡើងដល់យ៉ាងហោចណាស់៦៦នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤។

ចំណែកឯ ចំនួនមនុស្សបាត់ខ្លួនបានកើនឡើងដល់ ១០១នាក់ ហើយមនុស្សជាង៨០,០០០នាក់ត្រូវបានផ្លាស់ទីលំនៅ នេះបើយោងតាមអាជ្ញាធរការពារស៊ីវិលរបស់រដ្ឋ។

តាមរបាយការណ៍បាន បន្ថែម ថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ថាតើការស្លាប់ចំនួនប្រាំមួយនាក់បន្ថែមទៀតមានជាប់ទាក់ទងនឹងខ្យល់ព្យុះឬយ៉ាងណា។

គួរជម្រាបថា លក្ខខណ្ឌអាកាសធាតុមិនល្អ បានជះឥទ្ធិពលប្រហែលពីរភាគបីនៃទីប្រជុំជន និងទីក្រុងប្រមាណ ជិត ៥០០របស់រដ្ឋមួយនេះ ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីន។ ទឹកជំនន់បានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវថ្នល់ និងស្ពាន ខណៈដែលការរអិលបាក់ដី និងការបាក់ផ្នែកខ្លះនៃទំនប់វារីអគ្គិសនី ក៏ត្រូវបានរាយការណ៍ផងដែរ។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុង Rio Grande do Sul នៅថ្ងៃអាទិត្យនេះ ដើម្បីវាយតម្លៃស្ថានភាពដោយផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង