ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីថា៖ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកធំជាងគេដោយបំពាក់ម៉ូទ័របូមទឹកច្រឿនគ្រឿង និងមានសមត្ថភាពបូមរំដោះទឹកចេញក្រៅក្រុងបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ

38

ភ្នំពេញ៖ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រឿនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង៤០ម៉ែត្រគុប ហើយស្ថានីយនេះ ក៏ស្ថានីយបូមទឹក ដែលរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។

  នេះបើតាមការបញ្ជាក់អោយដឹងពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តមដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ​ពាក់ពន្ធ័ចុះទៅពិនិត្យ ប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ និងប្រឡាយស្ថានីយ៏បឹងត្របែក នាព្រឹកថ្ងៃ០៦ ឧសភានេះដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញអោយកាន់តែប្រសើរឡើង។

  ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង នឹងអាចរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជានៅ ខណ្ឌទួលគោក ខណ្ឌសែន សុខ  ខណ្ឌពោធិសែនជ័យ និងខណ្ឌកំបូល។ ពាក់ព័ន្ធនិងគម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញមានគម្រោងចំនួន៥០គម្រោង ហើយក្នុងគម្រោងនេះប្រឡាយបឹងត្របែកក៏ស្ថិតនៅក្នុងគម្រោងនេះដែរ។

  ឯកឧត្តមបញ្ជាក់ថា ៖រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ។

   ទោះបីជាយ៉ាងណាក្តី ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ សូមមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងអោយបាន ការបោះសំរាមចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើអោយទឹកមិនអាចហូរបាន។

  លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងផងដែរថា៖ ស្ថានីយបូមទឹកបឹងទំពុនបានបំពាក់ម៉ូទ័របូមទឹកចំនួន១០គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន៣៣ម៉ែត្រគុបក្នុង១វិនាទី យើងក៏នឹងមានគម្រោងបំពាក់ម៉ូទ័របូមទឹកចំនួន០២គ្រឿងបន្ថែមទៀតផងដែរ។ ក្រោយបំពាក់ម៉ូទ័របូមទឹកបន្ថែម២គ្រឿងនេះរួច ស្ថានីយបូមទឹកបឹងទំពុននឹងមានសមត្ថភាពបូមទឹកបាន៤៥ម៉ែត្រគុបក្នុង១វិនាទី។ចំណែកនៅស្ថានីយបូមទឹកបឹងត្របែកវិញ យើងមានម៉ាស៊ីនចាប់សំរាមស្វ័យប្រវត្ត ហើយយើងក៏មានគម្រោងពង្រីកនិងដាក់លូប្រអប់លើផ្លូវ១០៥ ទំហំ៤ទៅ៦ម៉ែត្រផងដែរ។

   គួរបញ្ជាក់ទៀតថា នៅភ្នំពេញយើង មានស្ថានីយបូមទឹកទាំង១៤កន្លែង ហើយនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយបូមទឹកទាំង១៤កន្លែងនេះ បានបើកប្រតិបត្តិការព្រមៗគ្នាតែម្តង ដែលធ្វើអោយរាជធានីភ្នំពេញអស់ក្តីបារម្ភ រឿងលិចយូរទៀត៕

អត្ថបទដែលជាប់ទាក់ទង