ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីព្រមានថា ៖ ខ្លួនអាចនឹងវាយប្រហារលើគោលដៅយោធាអង់គ្លេស បន្ទាប់ពីការលើកឡើងរបស់លោកCameron

37

ម៉ូស្គូ៖រុស្ស៊ីបានព្រមានអង់គ្លេសថា ៖ប្រសិនបើកងកម្លាំងអ៊ុយក្រែនប្រើប្រាស់សព្វាវុធរបស់អង់គ្លេស ដើម្បីកំណត់គោលដៅលើទឹកដីរុស្ស៊ី នោះទីក្រុងម៉ូស្គូអាចនឹងសងសឹកប្រឆាំងនឹងការដំឡើង និងបរិក្ខារយោធារបស់អង់គ្លេស ទាំងនៅក្នុងអ៊ុយក្រែន និងកន្លែងផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

ឯកអគ្គរដ្ឋទូតអង់គ្លេស លោក Nigel Casey ត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសរុស្ស៉ី ដើម្បីទទួលការតវ៉ាជាផ្លូវការ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក David Cameron បានបញ្ជាក់ថា អ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធអង់គ្លេស ដើម្បីវាយប្រហាររុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា សុន្ទរកថារបស់លោក Cameron បានទទួលស្គាល់យ៉ាងសំខាន់ នូវការចូលរួមរបស់ចក្រភពអង់គ្លេសនៅក្នុងជម្លោះនេះ។

     ក្រសួងបានបន្តថា ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារណាមួយ របស់អ៊ុយក្រែនលើទឹកដីរុស្ស៊ី ដោយប្រើសព្វាវុធដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស នោះទីតាំងបរិក្ខារយោធារបស់អង់គ្លេស ទាំងនៅក្នុងអ៊ុយក្រែន ឬនៅក្រៅប្រទេសអាចប្រឈមនឹងហានិភ័យ នៃការក្លាយជាគោលដៅវាយប្រហារ។

គួរជម្រាបថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ កាលពីសប្តាហ៍មុន លោក Cameron បានប្រាប់ទីភ្នាក់ងារ Reuters ថា អ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធដែលផ្តល់ដោយទីក្រុងឡុងដ៍ ដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ហើយវាគឺអាស្រ័យលើទីក្រុងគៀវក្នុងការធ្វើបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង